(បរទេស)៖ លោក Mustafa Suleyman ដែលជាសហស្ថាបនិកក្រុមហ៊ុន Google DeepMind និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Inflection AI បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រើភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងឧបករណ៍អេឡិចត្រូនិកដើម្បីអនុវត្តស្តង់ដារពិភពលោកអប្បបរមា (Global Minimum Standards) សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Suleyman បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់កម្រិតលើការលក់បន្ទះឈីប Nvidia ដែលត្រូវបានប្រើដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI កម្រិតខ្ពស់ដល់អ្នកទិញដែលយល់ព្រមលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងសីលធម៌។ លោកបានអះអាងថា នេះនឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីធានាថា AI ត្រូវបានបង្កើតឡើង និងប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

គួរជម្រាបដែរថា នៅក្នុងខែកក្កដា ក្រុមហ៊ុនបង្កើត AI រួមមាន OpenAI, Alphabet និង Meta Platform បានធ្វើការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តទៅកាន់សេតវិមានដើម្បីអនុវត្តវិធានការមួយចំនួនដូចជា ការគូសចំណាំខ្លឹមសារដែលបង្កើតដោយ AI ដើម្បីជួយធ្វើឱ្យបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព។ តែយ៉ាងណាបើទោះបីជាមានការអះអាងសុវត្ថិភាពពីក្រុមហ៊ុនបង្កើត AI ក៏ពិតមែន តែអ្នកវិភាគនៅតែមានការព្រួយបារម្មថាថ្ងៃណាមួយ AI អាចនឹងបំបាត់ការងារមនុស្ស រួមទាំងបំផ្លាញមនុស្សជាតិផងដែរ៕