(សៀមរាប)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ សាលាវេស្ទើនប៊្រីជ (WESTERN BRIDGE SCHOOL) សាខាខេត្តសៀមរាប បានរៀបចំពិធីសម្ពោធកាត់ខ្សែបូ  និងបើកបវេសនកាលសិក្សាឆ្នាំថ្មី ២០២៣-២០២៤។

ពិធីនេះដែរ បានប្រព្រឹត្តិទៅក្រោមវត្តមានឧកញ៉ា តែ ឡូរិន និងលោកស្រី កៅ គន្ធា ស្ថាបនិកនៃសាលាវេស្ទើនអន្តរជាតិ សាកលវិទ្យាល័យវេស្ទើន និងសាលាវេស្ទើនប្រ៊ីជ សាខាខេត្តសៀមរាប និង​ខេត្តកំពង់ឆ្នាំង និងជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សានៃទីស្តីការគណៈរដ្ឋមន្ត្រី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ហ៊ុំ សុទ្ធា នាយកសាលាវេស្ទើនប៊្រីជ សាខាខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សជាច្រើនចូលរួម​ផង​ដែរ។

ថ្លែងក្នុងឱកាសនេះ  លោក ហ៊ុំ សុទ្ធា នាយកសាលាវេស្ទើនប៊្រីជ សាខាខេត្តសៀមរាប បានលើកឡើងថា សាលាវេស្ទើនអន្តរជាតិ ដែលហៅកាត់ថា (WIS) និងមានពាក្យស្លោកថា «ផ្តើមអនាគតរបស់អ្នកពីថ្ងៃនេះទៅ (Start Your Future Today)»មានទីតាំងគោលស្ថិតនៅទីក្រុងភ្នំពេញ ត្រូវបានបង្កើតឡើង និងបើក ដំណើរការឱ្យចូលរៀននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣។

គ្រឹះស្ថានឯកជនដ៏មានកិត្យានុភាពល្បីល្បាញមួយនេះ ត្រូវបានស្ថាបនាឡើងដោយស្ថាបនិកចំនួន ៣ រូបគឺ ឧកញ៉ា តែ ឡូរិន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សានៃទីស្តីការគណៈរដ្ឋមន្ត្រី, លោក យូង បញ្ញា ប្រធានការិយាសិក្សា និងលោក តែ សុង ប្រធានហេរញ្ញវត្ថុ និងប្រតិបត្តិការ។

លោកបន្ថែមថា  នាពេលបច្ចុប្បន្ននេះ សាលាវេស្ទើនអន្តរជាតិ បានយកកម្មវិធីសិក្សាតាមស្ដង់ដាអាមេរិកខាងជើង។ កម្មវិធីសិក្សានេះ ត្រូវបានបង្រៀន និងរៀនជាភាសាខ្មែរ និងជាភាសាអង់គ្លេស។ សម្រាប់កម្មវិធីសិក្សាពេញមួយថ្ងៃ ត្រូវបានបង្រៀនជាពីរភាសាគឺខ្មែរ និងអង់គ្លេស។ ដោយឡែកសម្រាប់កម្មវិធីសិក្សាពាក់កណ្តាលថ្ងៃវិញ មានបង្រៀនតែជាភាសាអង់គ្លេសប៉ុណ្ណោះ។ សាលាវេស្ទើនអន្តរជាតិ បានផ្តល់ឱកាសឲ្យសិស្សានុសិស្សចូលមកចុះឈ្មោះសិក្សាដែលមានចាប់ពីថ្នាក់ទារកដ្ឋានរហូតដល់ថ្នាក់ទី១២។

សូមបញ្ជាក់ផងដែរថា សាលាវេស្ទើនអន្តរជាតិ និងសាកលវិទ្យាល័យវេស្ទើន បានបង្កើតឡើងនៅថ្ងៃខែឆ្នាំកំណើតតែមួយ។

លោកនាយក ហ៊ុំ សុទ្ធា បានបន្តថា សាលាវេស្ទីនប្រ៊ីជ (WBS) សាខាខេត្តកំពង់ឆ្នាំង ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ WBS សាខាកំពង់ឆ្នាំង មានបើកថ្នាក់ចាប់ពីទារកដ្ឋានរហូតដល់ថ្នាក់ទី១២ ហើយនិងមានកម្មវិធីសិក្សាជាភាសាខ្មែរ និងភាសាអង់គ្លេសដូច WIS នៅទីក្រុងភ្នំពេញដែរ។

លោកបន្ថែមថា  បើគិតចាប់តាំងពីការបើកដំណើរការរហូតមកដល់ពេលនេះ WBS ខេត្តកំពង់ឆ្នាំង មានរយៈពេលជាង ១ ឆ្នាំហើយ។ បច្ចុប្បន្ននេះ សិស្សដែលបានចុះឈ្មោះចូលរៀន នៅសាលាវេស្ទើនប្រ៊ីជ សាខាខេត្តកំពង់ឆ្នាំង មានរហូតដល់ទៅចំនួន ១៣៥ នាក់ ដែលក្នុងនោះមានសិស្ស ស្រីចំនួន ៦៧ នាក់។

លោកបានបន្តទៀតថា សាលាវេស្ទើនប្រ៊ីជ (WBS) សាខាខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយស្ថាបនិកចំនួន ៣ រូប ដែលមាន ឧកញ៉ា តែ ឡូរិន និងល
ភរិយាជាប្រមុខ។

សាលាវេស្ទើនប្រ៊ីជ ជាគ្រឹះស្ថានឯកជនមួយ ដែលបានរំលេចឡើងនូវបាវចនារបស់ខ្លួនថា វិន័យ (Discipline), គុណធម៌ (Virtue) និង ពុទ្ធិ (Intelligence) អមដោយពាក្យស្លោកមួយឃ្លាថា «សាលានៃឧត្តមភាព (School of Excellence)»។​ WBS ត្រូវបានស្ថាបនា ឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ WBS មានទីតាំងស្ថិតនៅតាមបណ្តោយវិថីលោកតាណឺយ ភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ឧកញ៉ា តែ ឡូរិន បានលើកឡើងថា តាំងពីឆ្នាំ២០០៣ មក ពីមួយឆ្នាំទៅមួយឆ្នាំ សាលាវេស្ទើនអន្តរជាតិ បានពង្រីកខ្លួន ហើយបានដកចេញពីសកលវិទ្យាល័យវេស្ទើន ដើម្បីទុកទីតាំងនឹងឱ្យសកលវិទ្យាល័យវេស្ទើន ពង្រីកទីតាំង និងទទួលសិស្សតទៅទៀតរៀងរាល់ឆ្នាំ។

លោកបន្ថែមថា​«នៅឆ្នាំបន្តបន្ទាប់មកជារៀងរាល់ឆ្នាំយើងបានបង្កើតសាខាមួយជារៀងរាល់ឆ្នាំ។ បើគិតមកដល់ឥឡូវនេះ យើងមានសាខាទាំអស់២០ទីតាំង សកលវិទ្យាល័យ មាន ៣ សាខា និងសាលាវេស្ទើនអន្តរជាតិ ១៧ សាខា ហើយនៅរៀងរាល់ឆ្នាំបន្តទៅមុខនេះ យើងនឹងបើកតបន្ទាប់ទៀត។»

ឧកញ៉ា តែ ឡូរិន បានបន្តថា រយៈពេលថ្មីៗកន្លងមកនេះ នៅឆ្នាំ២០២២ បានបើកសាខាមួយរបស់សាខាសាលាវេស្ទើនអន្តរជាតិ នៅភ្នំពេញដែរ ដោយឈានជើងទៅបោះទីតាំងនៅតាមខេត្ត ហើយបានដូរឈ្មោះពីវេស្ទើនអន្តរជាតិ មកសាលាវេស្ទើនប្រ៊ីជ។ ការដូរឈ្មោះពីវេស្ទើនអន្តរជាតិ មកសាលាវេស្ទើនប្រ៊ីជ ដោយសារវេស្ទើនអន្តរជាតិ មានតម្លៃថ្លៃ មិនអាចយកមកអនុវត្តនៅតាមខេត្តបានទេ ដោយអ្នកនៅតាមខេត្តមានជីវភាពមិនអាចទទួលយកបានទេ នូវតម្លៃសិក្សាដូចនៅទីក្រុងភ្នំពេញ ដូច្នេះយើងយកអ្វីដែលយើងមាននៅទីក្រុងភ្នំពេញយកទៅដាក់នៅតាមខេត្ត ដើម្បីបង្កើនឱកាសដល់កូនខ្មែរយើងតាមខេត្តអាចទទួលបានសេវាអប់រំមួយដែលល្អ ដែលប្រពៃ ដែលមានការអភិវឌ្ឍជានិច្ច៕