(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United នៅដើមខែកញ្ញានេះ បានសម្រេចចុះកិច្ចសន្យាទិញបានអ្នកចាំទី Altay Bayindir មកពីក្លិប Fenerbahce ក្នុងតម្លៃប្រមាណ ៤.៣លានផោន ក្រោយពេលក្លិបបានលក់ Dean Henderson ទៅកាន់ក្លិបរូមលីគ Crystal Palace។

បុរសវ័យ ២៥ឆ្នាំ Altay Bayindir ដែលជាប់លេងបាន ៥ប្រកួតជាមួយជម្រើសជាតិទួរគី បានសម្រេចចុះហត្ថលេខារយៈពេល ៤ឆ្នាំជាមួយក្លិប Man United ស្ថិតក្រោមការដឹកនាំដោយលោក Erik Ten Hag ដែលរូបគេក្លាយជាជម្រើសអ្នកចាំទី ទី២ បន្ទាប់ពីក្លិបបាននាំយក Andre Onana ក្នុងតម្លៃ ៤៧.២លានផោនក្នុងទីផ្សាររដូវក្តៅនេះ។

ខណៈរដូវកាលមុនរូបគេជាសមាជិកសំខាន់របស់ក្លិប Fenerbahce ក្នុងរួមចំណែកជួយក្លិបឈានទៅរកឈ្នះបានពាន Turkish Cup និងបញ្ចប់នៅលេខរៀងទី២ នៃពានរង្វាន់លីគ Super Lig ខណៈដែលរូបគេបានលេង ១៤៥ប្រកួតជាមួយក្លិប Fenerbahce ក្នុងរយៈពេល ៥រដូវកាល នាមជាអ្នកចាំទីរក្សាសំណាញ់ទីបានចំនួន ៥៣លើក។

Altay Bayindir បានលើកឡើងថា« វាពិតជាមានកិត្តិតយសធំណាស់ ដែលបានចូលរួមជាមួយ Man United ហើយបានក្លាយជាកីឡាករទួរគីដំបូងគេ ក្នុងការតំណាងឲ្យក្លិបនេះ»