(ភ្នំពេញ)៖ កម្មវិធី «សន្និបាតបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិ សមាគមមិត្តតន្រ្តីករ អាណត្តិទី២» ត្រូវបានធ្វើឡើងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ម៉មឡេង យ៉ានី តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតំណាងក្រសួងមហាផ្ទៃ។

សមាសភាពបេក្ខជនគណៈប្រតិបត្តិ ចំនួន១០រូប ដែលបានឈរឈ្មោះសម្រាប់អាណត្តិទី២នេះ រួមមាន៖ លោកបណ្ឌិត យន់ ខៀន, លោកបណ្ឌិត សំអាង សំ, លោក កែវ សនន្ទកវី, លោក ស៊ូ ផល្លា, លោក គង់ សុធារិទ្ធ, លោកស្រី វ៉ា បុប្ផារី, លោកស្រី ម៉េងកែវ ពេជ្ជបុប្ផា, លោក ជ័យ វឌ្ឍនា, លោក ឃី សំណាង និងលោក អ៊ីង វណ្ណា។

ការបោះឆ្នោតនេះ ជាការបោះឆ្នោតជ្រើសរើស ប្រធាន និងអនុប្រធានសមាគម ចំនួន០៣រូប និងសមាជិកគណៈប្រតិបត្តិចំនួន ០៣រូប ព្រមទាំងក្រុមជំនួយការ ដោយយោងលើសំលេងគាំទ្រជាបន្តបន្ទាប់។ ប៉ុន្តែសមាសភាព គណៈប្រតិបត្តិជាក់ស្តែងត្រូវមានចំនួន ៧រូប ហើយ ៦រូប ត្រូវបានជ្រើសរើសដោយការបោះឆ្នោតនេះ ដូច្នេះសមាជិកគណៈប្រតិបត្តិ ១រូបទៀត ដែលទទួលបន្ទុកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ ត្រូវជ្រើសតាំងដោយប្រធាន សមាគមមិត្តតន្រ្តីករអាណត្តិថ្មី។

លទ្ធផលនៃការបោះឆ្នោត គឺលោកបណ្ឌិត យន់ ខៀន បានបន្តជាប់ឆ្នោតក្លាយជាប្រធាន។

ក្នុងឱកាសនោះ លោកបណ្ឌិត យន់ ខៀន ប្រធានសមាគមមិត្តតន្រ្តីករអាណត្តិទី២ បានឲ្យដឹងថា សមាគមមិត្តតន្រ្តីករ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ប្រមូលផ្តុំសិល្បករ សិល្បការិនី ដែលមានអាជីពជាអ្នកតន្រ្តីគ្រប់ជំនាញ និងគ្រប់ជំនាន់ ដោយជួយជំរុញដល់ការថែរក្សា និងលើកស្ទួយគ្រប់ទម្រង់តន្រ្តី រួមចំណែកការពារអត្តសញ្ញាណជាតិតាមរយៈតន្រ្តី ការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់តន្រ្តីករនិងបន្តស្វែងរកទីផ្សារសម្រាប់ធ្វើអាជីវកម្មសិល្បៈ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ 

ទន្ទឹមនេះលោក ហាប់ ទូច បានថ្លែងអបអរសាទរចំពោះលទ្ធផលនិងជូនពរគណៈប្រតិបត្តិដែលជាប់ថ្មីបន្តបេសកកម្មឲ្យកាន់តែរីកចម្រើន ហើយការបង្កើតសមាគមនេះ គឺដើម្បីជួយគ្នា និងបន្តការងារចូលរួមថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ អត្តសញ្ញាណជាតិតាមរយៈសកម្មភាពដូចជាការសម្តែងក្នុងព្រឹត្តិការណ៍ផ្សេងៗ និងការចងក្រងឯកសារវប្បធម៌និងសិល្ប:។

នាឱកាសនេះ លោក បានឆ្លៀតឱកាសថ្លែងអំណរគុណសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានជួយឧបត្ថម្ភដល់សមាគម ហើយក៏ថ្លែងអំណរគុណលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីដែលតែងជួយគាំទ្រ ហើយក្រសួងនិងសមាគម នឹងបន្តរួមគ្នាធ្វើកិច្ចការវប្បធម៌ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕