(អាមេរិក)៖ បន្ទាប់ពីបំបែកឯតទគ្គកម្ម ជាមួយនឹងដំណើរប្រគំតន្ត្រីទេចរណ៍ «the Eras Tour» ដែលកើបប្រាក់ចំណូលបានខ្ទង់ពាន់លានដុល្លារ ពេលនេះកំពូលតារាប៉ុប Taylor Swift គ្រោងនឹងបញ្ចាំងភាពយន្តពីការប្រគំតន្ត្រីនេះ នៅក្នុងរោងភាពយន្តបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ភាពយន្តឯកសារមានចំណងជើងថា «Taylor Swift: The Eras Tour» នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុននៅអាមេរិកខាងជើង ចាប់ពីថ្ងៃទី១៣ ខែតុលា ដោយតារាចម្រៀងម្ចាស់បទ «Anti-Hero» បានប្រកាសនៅលើគណនី X ឬ Twitter កាលពីថ្ងៃទី៣១ ខែសីហា។ តាមរយៈការប្រកាសនេះ នាងក៏បានបន្ថែមថា Eras Tour គឺជាបទពិសោធន៍ដ៏មានន័យបំផុតនៃជីវិតរបស់នាង រហូតមកដល់ពេលនេះ ហើយនាងពិតជារីករាយណាស់ ដែលវានឹងបានបង្ហាញខ្លួនលើអេក្រង់កុនក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា សំបុត្រចូលទស្សនាភាពយន្តឯកសាររបស់ Taylor Swift សម្រាប់មនុស្សពេញវ័យ មានតម្លៃ ១៩.៨៩ដុល្លារ ហើយសំបុត្ររបស់កុមារនឹងមានតម្លៃ ១៣.១៣ដុល្លារ៕