(ឡុងដ៍)៖ ខ្សែប្រយុទ្ធរបស់ក្លិប Arsenal កីឡាករ Eddie Nketiah បានទទួលការកោះហៅចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំជាលើកដំបូង ដែលនេះជាផែនការរបស់អ្នកចាត់ការលោក Gareth Southgate សម្រាប់រៀបចំក្រុម ត្រៀមការប្រកួតក្រៅទឹកដីវគ្គជម្រុះក្នុងពូល C ក្របខណ្ឌពាន Euro 2024 ទល់នឹងក្រុមអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ជាគ្នានេះខ្សែការពារវ័យក្មេងរបស់ Chelsea កីឡាករ Levi Colwill ក៏មានឈ្មោះក្នុងបញ្ជីផងដែរ ខណៈ Nketiah គឺជាកីឡាករល្អមួយរូបនៃក្រុមជម្រើស U-21 របស់អង់គ្លេស និងបានចាប់ផ្តើមរដូវកាលដ៏ល្អជាមួយក្លិប Arsenal ដែលអាចរកបាន ២គ្រាប់ ក្នុងការប្រកួតបើកឆាក Premier League ចំនួន៣លើករបស់ពួកគេ។

សូមជម្រាបថា ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួតទល់នឹងក្រុមអ៊ុយក្រែន នៅទីក្រុង Wroclaw ប្រទេសប៉ូឡូញ នៅថ្ងៃទី៩ ខែកញ្ញានេះ មុនពេលប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ទល់នឹងក្រុមស្កុតឡេន៕