(ប៉ារីស)៖ ក្លិប Monaco បានសម្រេចនាំយកខ្សែប្រយុទ្ធ Folarin Balogun មកពីក្លិប Arsenal ក្នុងតម្លៃ ៣៥លានផោន លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធសញ្ជាតិអាមេរិក មានវ័យ ២២ឆ្នាំរូបនេះ បានវិលត្រឡប់ទៅលេងនៅបារាំងវិញ បន្ទាប់ពីរកគ្រាប់បាល់បាន ២២គ្រាប់ ក្នុងរយៈពេលលេងខ្ចីជើងនៅឯក្លិប Reims កាលពីរដូវកាលមុន។

Balogun មិនទាន់បានបង្ហាញខ្លួន សម្រាប់ក្លិប Arsenal ក្នុងលីគ Premier League នៅឡើយទេ នៅពេលចាប់ផ្តើមរដូវកាលនេះ បើទោះបីជាខ្សែប្រយុទ្ធជម្រើសដំបូង Gabriel Jesus កំពុងអវត្តមាន ដោយសាររបួសក្តី។

Balogun ក៏បានចុះកិច្ចសន្យាលក្ខខណ្ឌកីឡាករអាជីព ជាមួយក្លិប Arsenal នៅក្នុងវ័យ ១៧ឆ្នាំ និងបានបង្ហាញខ្លួនចំនួន ២លើក នៅលីគកំពូលអង់គ្លេស ក្នុងពេលវេលារបស់លេងជាមួយក្លិបកាំភ្លើងធំ។

សូមជម្រាបថា ខ្សែប្រយុទ្ធ Balogun ធ្លាប់បានបញ្ចេញឲ្យទៅលេងខ្ចីជើង នៅឯក្លិប Middlesbrough និង Reims ហើយក៏មានព័ត៌មានជាប់ពាក់ព័ន្ធ ក្នុងការផ្លាស់ទៅលេងនៅក្លិប Chelsea ផងដែរ មុនពេល Arsenal យល់ព្រមចំពោះការផ្តល់ឲ្យរបស់ក្លិប Monaco៕