(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូដែល យស តារាវត្តី ត្រៀមខ្លួនរួចជាស្រេច តាមរយៈការហ្វឹកហាត់បង្ហាញម៉ូដបន្ថែម ក្នុងការចូលរួមប្រកួតកម្មវិធី «Face Of Cambodia 2023» នៅអំឡុងចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្រីស្រស់តារាវត្តី បានប្រាប់ពីមូលហេតុដែលនាងតាំងចិត្ត ចូលរួមប្រលងបង្ហាញម៉ូដកម្មវិធីមួយនេះ ដោយសារតែ Face Of Cambodia មានការគាំទ្រច្រើន ហើយបើសិននាងឈ្នះពាន អាចមានសិទ្ធិទៅប្រកួតលើវេទិការដ៏ធំនៅប្រទេសកូរ៉េ ពោលគឺឡើងលើឆាកអន្ដរជាតិ ដើម្បីនាំយកវប្បធម៌ និងអរិយធម៌ខ្មែរឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ដែលនេះជាបំណងធំមួយរបស់នាង។

ស្រីស្រស់សម្រស់ផូរផង់ យស តារាវត្តី បានឲ្យដឹងទៀតថា ការចាប់អាជីពសិល្បៈ និងចង់ធ្វើជាតារាម៉ូដែលអាជីព ព្រោះតែនាងចង់ក្លាយជាបុគ្គលមួយរូប ដែលមានភាពល្បីល្បាញ អាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងមានសិទ្ធិពិសេសការពារទៅលើអនិតិជន ដែលទទួលរងនូវការបៀតបៀន រំលោភបំពានពីជនខិលខូច ដែលរឿងនេះជាបំណងដែលនាងត្រូវធ្វើ ហេតុនេះនពេលនាងចូលរួមប្រកួត Face Of Cambodia នាពេលខាងមុខនេះនឹងសង្ឃឹម ថាពុកម៉ែបងប្អូនជួយគាំទ្រនាង។

តារាស្រីរាងតួចច្រឡឹងកែវភ្នែកមុតថ្លា យស តារាវត្តី បន្ថែមថា ទោះជាមានមុខរបរនៅខាងក្រៅសិល្បៈក្ដី ប៉ុន្ដែអាជីពសម្ដែង និងបង្ហាញម៉ូត នាងមិនបោះបង់ចោលទេ ហើយពេលនេះមានតែពង្រឹងសម្ថភាពខ្លួនឯងថែមទៀត តាមរយៈការចូលរួមប្រកួត Face Of Cambodia ហើយដោយសារតែមានការហ្វឹកហាត់ជាច្រើនថ្ងៃ មុនកម្មវិធីមកដល់ រួមទាំងបទពិសោធន៍ផ្ទាល់ខ្លួនមានស្រាប់ អាចថាមិនមែនជាឧបសគ្គសម្រាប់នាងឡើយ ប៉ុន្ដែនាងនឹងប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបំណងធំខាងលើ ក៏ដូចជាបន្ដធ្វើការងារជួយដល់សង្គមជាបន្ដទៅទៀត។

ទាក់ទងនឹងផ្នែកសម្រស់វិញ តារាស្រី យស តារាវត្តី បានឲ្យដឹងថា នាងមិនបានកែផ្នែកណាមួយនោះទេ ពោលគឺរក្សាពីធម្មជាតិទាំងអស់។ ដោយឡែករឿងស្នេហា ស្រីស្រស់ យស តារាវត្តី មិនចង់និយាយឡើយ ព្រោះពេលនេះផ្ដោតសំខាន់តែលើរឿង ត្រៀមប្រកួតក្នុងវេទិការដ៏ធំនាពេលខាងមុខ និងចង់សម្រេចក្ដីសុបិនខ្លួនឯង គឺមានឱកាសបានពាំនាំយកវប្បធម៌ និងអរិយធម៌របស់ខ្មែរដ៏ផូរផង់ ឡើងលើឆាកអន្ដរជាតិ តាមរយៈការចាប់អាជីពបង្ហាញម៉ូដមួយនេះ។

មហាជន និងអ្នកគាំទ្រជឿថា នឹងទទួលបានការចាប់អារម្មណ៍ច្រើន ហើយផ្ដល់ការគាំទ្រលើ យស តារាវត្តី ជាមិនខាននៅពេលដែលនាងលេចមុខប្រកួត Face Of Cambodia 2023 នៅចុងខែកញ្ញា ឆ្នាំ២០២៣ ព្រោះនាងចង់ក្លាយទៅជាម៉ូដែលអាជីពដ៏ល្បីម្នាក់ ហើយនឹងធ្វើការប្រឆាំងយ៉ាងដាច់ខាត ទៅលើការជួញដូរ ឬបៀតបៀនទៅលើអនិតិជន ដែលសកម្មភាពបែបនេះឆ្លុះបញ្ចាំងថា រូបនាងគឺជាគំរូល្អមួយក្នុងការជួយដល់សង្គម។

សូមបញ្ជាក់ថា តារាបង្ហាញម៉ូដ យស តារាវត្តី ជាតារាសម្ដែង និងម៉ូដែលម្នាក់ ដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានអាយុ២៣ឆ្នាំ កម្ពស់១,៦៦ ម៉ែត្រ និងទម្ងន់៤៩ គ.ក្រ។ ក្រៅពីអាជីពសិល្បៈ នាងក៏ជាពាណិជ្ជករម្នាក់ផងដែរ ហើយកន្លងមកនាងធ្លាប់បានធ្វើការងារសប្បុរសធម៌ជាបន្ដបន្ទាប់ តាមរយៈការជួយឧបត្ថម្ភដល់អង្គការខ្លះ និងចែកអំណោយដល់ជនក្រីក្រ, ជនពិការភាព រួមទាំងអ្នកគ្មានផ្ទះសម្បែងសម្រាកតាមចិញ្ចើមផ្លូវជាដើម។ នាងថាឲ្យតែមានលទ្ធភាព រូបនាងនឹងបន្ដការងារសប្បុរសធម៌ជាបន្ដបន្ទាប់៕