(ឡុងដ៏)៖ នៅថ្ងៃចុងក្រោយនៃពេលវេលាទីផ្សារដោះដូរកីឡាករតំបន់អឺរ៉ុបត្រូវបិទ ក្លិបអង់គ្លេស Liverpool របាយការណ៍បង្ហាញថា បានយល់ព្រមលើកកិច្ចព្រមព្រៀងជាមួយក្លិបអាល្លឺម៉ង់ FC Bayern Munich នៃការផ្ទេរយកខ្សែបម្រើ Ryan Gravenberch ដែលអាចស្ថិតនៅក្នុងតម្លៃ ៤៣លានដុល្លារ។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

Ryan Gravenberch បច្ចុប្បន្នកំពុងស្ថិតក្នុងការពិនិត្យសុខភាព ខណៈខ្សែបម្រើសញ្ជាតិហូឡង់ មានវ័យ ២១ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Bayern ផ្ទេរពីក្លិប Ajax កាលពីរដូវក្តៅឆ្នាំមុន និងលេងបាន ៣៣ប្រកួតរកបាន ១គ្រាប់ផងដែរ។

បញ្ជាក់ផងថា នាពេលកន្លងមកនៃទីផ្សារដោះដូរកីឡាករ ក្លិបហង្សក្រហម Liverpool ក៏បានសម្រេចការនាំយកជម្រើសខ្សែបម្រើ ៣រូបរួចហើយ មានកីឡាករ Alexis Mac Allister, Dominik Szoboszlai និង Wataru Endo។

រំលឹកផងថា Ryan Gravenberch ជាខ្សែបម្រើវ័យក្មេងម្នាក់ ដែលស្ថិតក្នុងសាលាបណ្តុះបណ្តាលជម្រើសយុវជនរបស់ក្លិប Ajax ហើយលេងនៅលីគកំពូក Eredivisie ចំនួន ៤រដូវកាល ជាមួយឱកាលបានបង្ហាញខ្លួន ១០៣ប្រកួតរកបាន ១២គ្រាប់ផងដែរ៕