(ភ្នំពេញ)៖ ធនាគារ វីង ពង្រឹងសមត្ថភាពប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) របស់ខ្លួន តាមរយៈការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដើម្បីការពារការក្លែងបន្លំ និងធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់អតិថិជន​កាន់តែប្រសើរឡើង។​

ធនាគារ វីង ដែលជាធនាគារពាណិជ្ជរីកចម្រើន​យ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបោះជំហានដ៏សំខាន់សំដៅពង្រឹងដំណើរការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន​ ដោយថ្មីៗនេះ ធនាគារ វីង​ បានចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា​ ឬហៅកាត់ថា​ «ថ្នាល CamDX»។

តាមរយៈការវិវឌ្ឍជាយុទ្ធសាស្រ្តនេះនឹងអនុញ្ញាតដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពមួយកម្រិតថែមទៀតលើការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដោយជួយសម្រួលនៅពេលអតិថិជ​នប្រើប្រាស់សេវាធនាគារ ជាពិសេសការបើកគណនី ហើយអាចពង្រឹងវិធានទប់ស្កាត់នៃការក្លែងបន្លំ និង​ការប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យាផ្សេងៗថែមទៀតផង។​

CamDX ដែលអភិវឌ្ឍតាមលំនាំថ្នាលបច្ចេកវិទ្យា X-Road របស់ប្រទេសអេស្តូនីនៅប៉ែកអឺរ៉ុប គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងសម្រាប់ការផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (API) រវាងបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុងវិស័យសាធារណៈ និងវិស័យឯកជន (សមាជិកថ្នាល CamDx) ដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិត ដោយតភ្ជាប់ក្នុងបណ្តាញឌីជីថល។​

ការទទួលបានជាសមាជិកភាពនៃថ្នាល CamDX នឹងជួយដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពក្នុងការសម្គាល់អត្តសញ្ញាណអតិថិជន ដោយអាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗចំពោះឯកសាររបស់អតិថិជនក្នុងការផ្គូរផ្គងជាមួយទិន្នន័យមូលដ្ឋាននៃក្រសួងមហាផ្ទៃ។ ការធ្វើសមាហរណកម្មបែបនេះ ដើម្បីធានាបាននូវសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យពីសកម្មភាពក្លែងបន្លំផ្សេងៗ។

គួរជម្រាបថា ធនាគារ វីង បានចូលជាសមាជិកថ្នាល CamDX ជាផ្លូវការនៅថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២៣។​

លោក ហាន ប៉េងក្វាង​ អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការក្លាយជាសមាជិកថ្នាល CamDX ​បានធ្វើឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានធនាគារនាំមុខគេមួយលើការធ្វើទំនើបកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែប្រសើរ»។

លោក ហាន ប៉េងក្វាង បានបន្ថែមថា «ជាមួយនឹងការពង្រឹងសមត្ថភាពចំពោះការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) យើងខ្ញុំមានការប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទៅ​ដល់អតិថិជនយ៉ាងរលូន និងមានសុវត្ថិភាព​ ក៏ដូចជាបង្កើនទំនុកនិងការជឿជាក់លើសេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំ»

ប្រព័ន្ធបច្ចេកវិទ្យា e-KYC អាចជួយដល់ស្ថាប័ននានាងាយស្រួលផ្ទៀងផ្ទាត់ឯកសារអតិថិជនជាលក្ខណៈឌីជីថល ដោយអាចផ្គូរផ្គងឯកសារទាំងនោះជាមួយនឹងទិន្នន័យមូលដ្ឋានដែលមានសុពលភាព។ ការពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ e-KYC ដើម្បីធានាបានសុវត្ថិភាពឱ្យបានរឹងមាំ​គឺស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគោលដៅយ៉ាងសំខាន់ ជាពិសេសសម្រាប់ការអភិវឌ្ឍវិស័យធនាគារ។​

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាល CamDX ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីធានាបាននូវការធ្វើកូដនីយកម្មទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាហត្ថលេខាឌីជីថល​​​ ក៏ដូចជាការធ្វើកំណត់ត្រាអេឡិចត្រូនិកនៃការផ្លាស់ប្តូរទិន្នន័យ​ អាចដំណើរការទៅដោយសុវត្ថិភាព សុចរិតភាព និងភាពត្រឹមត្រូវ។​ ថ្នាល CamDx ទទួលបានទទួល​ជ័យលាភី​នៃ​ពានរង្វាន់​ការ​សម្រប​ខ្លួន​ប្រើប្រាស់​បច្ចេកវិទ្យា​បើកចំហ​កូដ​ប្រចាំឆ្នាំ២០២២ (Open Source Adaptation of the Year) ពីពានរង្វាន់​អនាគត​នៃ​រដ្ឋាភិបាល​ (Future of Government Awards) ដែលជា​កិច្ចសហការ​គាំទ្រ​រវាង​វិទ្យាស្ថាន Amazon Web Services អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង​បណ្ដាញ​សកល​សម្រាប់​រដ្ឋាភិបាល Apolitical​។​

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងឌីជីថល​មើលឃើញថាថ្នាល CamDX មិនត្រឹមតែជាយន្តការសម្រាប់ការសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏ជាថ្នាលជួយសម្រួលសម្រាប់ការចុះបញ្ជីអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មានដ៏សំខាន់ផងដែរ ដែលនឹងជួយបង្កើនបរិយាកាសទាក់ទាញសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា៕