(បរទេស)៖ Google បានប្រកាសជាផ្លូវការថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញ Pixel 8 និង Pixel 8 Pro នៅថ្ងៃទី ០៤ ខែតុលាខាងមុខនេះ នៅទីក្រុងញូវយ៉ក។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង ១០ព្រឹកម៉ោងនៅក្នុងទីក្រុងញូវយ៉ក ដែលត្រូវនឹងម៉ោង ៩យប់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

Pixel 8 និង Pixel 8 Pro ត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកស្នងតំណែងដ៏ល្អបំផុតរបស់ Pixel 7 និង Pixel 7 Pro ដែលត្រូវបានចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២២កន្លងទៅ។

Pixel 8 Pro មានពាក្យចចាមអារ៉ាមថានឹងប្រើប្រាស់អេក្រង់ប្រភេទ QHD+ LTPO OLED ទំហំ ៦.៧អ៊ីញ ដែលបំពាក់ដោយបន្ទះឈីប Tensor G3 ថ្មីរបស់ Google ជាមួយប្រព័ន្ធកាមេរ៉ាខាងក្រោយចំនួនបី និងកាមេរ៉ា Selfie ទំហំ ១១មេហ្គាភិចស៊ែ។ មិនត្រឹមតែប៉ុណ្ណោះម៉ូដែលនេះ នឹងមានថាមពលថ្ម ៤,៩៥០ មីលីអំពែម៉ោង ជាមួយនឹងការគាំទ្រសម្រាប់ការសាកថ្មតាមខ្សែរហូតដល់ ២៧វ៉ាត់ឯណោះ។

ចំណែកឯម៉ូដែល Pixel 8 វិញនឹងប្រើបន្ទះឈីបដូចគ្នា និងកំណែ Pixel 8 Pro ជាមួយនឹងកាមេរ៉ា Selfie ដូចគ្នា នឹងប្រភេទអេក្រង់ដូចគ្នា។ ខុសគ្នាទៅនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយចំនួនពីរ និងបំពាក់ដោយថាមពលថ្មទំហំ ៤,៤៨៥ មីលីអំពែម៉ោងជាមួយនឹងការគាំទ្រសម្រាប់ការសាកឥតខ្សែ ២៤វ៉ាត់ និង ១២វ៉ាត់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ វានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 14 ចាប់ពីថ្ងៃដាក់បង្ហាញខាងមុខនោះតែម្តង។

គួរជម្រាបដែរថា Pixel 8 និង Pixel 8 Pro ត្រូវបានគេរំពឹងថានឹងអាចបញ្ជាទិញបានភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ដាក់បង្ហាញ។ ដោយ Pixel 7 និង Pixel 7 Pro ចាប់ផ្តើមពីតម្លៃ ៥៩៩ដុល្លារ និង ៨៩៩ដុល្លារ ដូច្នេះសម្រាប់ Pixel 8 និង Pixel 8 Pro ក៏ទំនងជានឹងមានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ៕