(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងធ្វើការអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំងនាពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន និងចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍អន្ដរជាតិធំៗ ពិសេសដំណើរឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេមនាថ្ងៃអនាគត។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានកិត្តិយសសហព័ន្ធ ក៏ដូចជាប្រធានសហព័ន្ធ គឺលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សហព័ន្ធកំពុងធ្វើការងារនេះ ដើម្បីឈានទៅចុះ MOU ជាមួយភាគីបារាំងនាពេលខាងមុខ។

លោកបន្ដថា ការចុះ MOU ជាមួយប្រទេសមហាអំណាចបាល់ទះមួយលើពិភពលោកនេះ ដោយសារសហព័ន្ធផ្អែកលើកត្ដា ៤ចំណុច ទី១-ផ្ដោតលើការផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេស ទី២-បច្ចេកវិទ្យានៃការគ្រប់គ្រងការប្រកួត ទី៣-ការអភិវឌ្ឍធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ និងទី៤-ការផ្លាស់ប្ដូរ នៃការប្រកួតមិត្តភាព រវាងកម្ពុជា និងបារាំង។ តាមរយៈ ៤ចំណុចនេះ លោកសង្ឃឹមថា នឹងជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាបន្ថែមទៀត។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា កន្លងមកសហព័ន្ធ ធ្លាប់បានធ្វើការជាមួយដៃគូអន្ដរជាតិជាហូរហែមកហើយ ក្នុងគោលបំណងតែមួយគត់ គឺការដុសខាត់សមត្ថភាពកីឡាករ ឆ្ពោះទៅរកឧត្តមភាព និងការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ ហើយទិសដៅដ៏សំខាន់ ក្រោយចុះ MOU ជាមួយបារាំង គឺដើម្បីសម្រួចសមត្ថភាពកីឡាករឆ្ពោះទៅដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីក្រុមបាល់ទះក្នុងសាលបុរសកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រ ដណ្ដើមបានមេដាយសំរឹទ្ធ និងមេដាយប្រាក់រួចមក៕