(ភ្នំពេញ)៖ វីង ដែលជាម៉ាកយីហោទទួលបានទំនុកចិត្តប្រើប្រាស់ច្រើនបំផុតមួយនៅកម្ពុជា បានប្រារព្ធខួប១៥ឆ្នាំរបស់ខ្លួននៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសម្រួលទៅដល់សហគមន៍ និងប្រជាជនកម្ពុជា។

វីង បានវិវឌ្ឍមកដល់ដំណាក់កាលដ៏សំខាន់មួយ នោះគឺការប្រារព្ធខួបរយៈពេល១៥ឆ្នាំរបស់ខ្លួន ដោយបានធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ហើយបានក្លាយជាម៉ាកយីហោមួយទទួលបានការទុកចិត្តបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

រយៈពេល១៥ឆ្នាំកន្លងមកនេះ វីង បានចាប់ផ្តើមជាមួយនឹងទស្សនទានមួយដើម្បីក្លាយជាកាតាលិករដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងបិទគម្លាតហិរញ្ញវត្ថុក្នុងចំណោមអ្នកមិនមានគណនីធនាគារ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ទៅដល់ប្រជាពលរដ្ឋគ្រប់រូប។ ការចាប់ផ្តើមដំណើរការដ៏សាមញ្ញរបស់វីង ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់ជាង៨០ភាគរយនៃប្រជាជនកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា «វីង តែងតែឈានមុខគេក្នុងជួយលើកម្ពស់ជីវភាពរស់នៅទៅដល់ពលរដ្ឋកម្ពុជា ជាមួយនឹងការផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់។ ស្របពេលការអបអរសាទរខួប១៥ឆ្នាំ យើងខ្ញុំនៅតែរក្សាការប្តេជ្ញាចិត្ត និងមានគោលជំហរក្នុងការបង្កើតឲ្យបាននូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីជួយអតិថិជនទាំងរូបវ័ន្តបុគ្គល និងម្ចាស់អាជីវកម្មនានា»។

តាំងពីចាប់ផ្តើមដំណើរការអាជីវកម្មមក វីង តែងតែយកចិត្តទុកដាក់ចំពោះភាពរីកចម្រើន និងអតិថិជន ដែលជាហេតុធ្វើឲ្យ វីង ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ វីង បានពង្រីកបណ្តាញភ្នាក់ងារពី៦០០កន្លែងរហូតដល់ជាង១១,០០០កន្លែងគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាមកទល់នឹងបច្ចុប្បន្ន ហើយបានផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកប្រើប្រាស់១៤លាននាក់ ដែលចំនួននេះស្មើនឹងប្រមាណ៨០ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងមូល។

ជាភស្តុតាងនោះ គឺ វីង បានក្លាយជាដៃគូដ៏ទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រួលលើការអនុវត្តគម្រោងផ្សេងៗជាច្រើនដោយជោគជ័យ។ តួយ៉ាងតាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកបានបង្ហាញថា វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរសាច់ប្រាក់ ដោយមានទំហំទឹកប្រាក់ប្រមាណ១.១ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាង៧០០,០០០គ្រួសារនៅទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់ថា «យើងសូមថ្លែងអំណរគុណចំពោះការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ភាពជោគជ័យរបស់ វីង បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ភាពច្នៃប្រឌិតដែលបង្កើតឲ្យមានដំណោះស្រាយដែលចាំបាច់ និងមានភាពងាយស្រួលប្រើប្រាស់ដល់អតិថិជន គឺតែងមានការទទួលស្គាល់ និងជឿជាក់ពីសំណាក់អ្នកប្រើប្រាស់។ បុគ្គលិក ភ្នាក់ងារ អតិថិជន និងដៃគូទាំងអស់ដែលបានគាំទ្រចំពោះចក្ខុវិស័យរបស់យើងក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុ ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកនៃភាពជោគជ័យរបស់យើងនាពេលកន្លងមក»។

ការប្រែក្លាយជាធនាគារពាណិជ្ជ ដោយបង្កើតបាននូវប្រព័ន្ធធនាគារឌីជីថលធំជាងគេមួយនៅកម្ពុជា
សមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការវិវឌ្ឍរបស់ វីង នោះគឺការប្រែក្លាយទៅជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យធនាគារ វីង អាចពង្រីកការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបើកដំណើរការសាខាចំនួន១៦ទីតាំងសំខាន់ៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ជាមួយនឹងការពង្រីកនេះ ធនាគារ វីង ផ្តល់ជូនអតិថិជនជាមួយចំណតរថយន្តធំទូលាយ និងទូម៉ាស៊ីន ATM ទំនើបដែលអាចប្រើបាន២៤ម៉ោងក្នុងមួយសប្តាហ៍។ បន្ថែមលើនេះ ធនាគារ វីង ក៏ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសម្បូរបែប ដោយធានាបាននូវភាពងាយស្រួល ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារឌីជីថលតាមរយៈកម្មវិធី Wing Bank App របស់ធនាគារវីងផងដែរ។

ការរីកចម្រើនឥតឈប់ឈររបស់ធនាគារវីងក៏បានបង្ហាញពីការរួមចំណែកដ៏សំខាន់ចំពោះសហគមន៍ពាណិជ្ជកម្មផងដែរ ដោយបច្ចុប្បន្នមានដៃគូជាង១៥០,០០០អាជីវកម្ម ៣,០០០សហគ្រាសធុនតូច និងមធ្យម ៦០០សាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាល ដែលបានប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារវីង។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោក មានដូចជា៖ Mastercard, Visa, WeChat, Western Union, MoneyGram, Ria, Prudential, និងក្រុមហ៊ុន UnionPay International បានធ្វើឲ្យធនាគារ វីង អាចបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីនៃធនាគារឌីជីថលដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ បានលើកឡើងថា «ការវិវឌ្ឍរបស់វីងទៅជាធនាគារពាណិជ្ជ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកគោលដៅ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប។ យើងខ្ញុំពិតជាមានក្តីរំភើបរីករាយក្នុងការបន្តផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលនឹងកំណត់អនាគតនៃសេវាធនាគារនៅកម្ពុជា។ ទស្សនវិស័យរបស់យើងគឺផ្តល់ជូនពលរដ្ឋគ្រប់រូបជាមួយនឹងដំណោះស្រាយឌីជីថលដែលងាយស្រួលប្រើប្រាស់ និងចាំបាច់ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យកាន់តែប្រសើរឡើង»។

វីង បានឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅកម្ពុជា។ ការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនវានុវត្តន៍ បានធ្វើឲ្យធនាគារ វីង អាចពង្រីកវិសាលភាពសេវាធនាគាររបស់ខ្លួនយ៉ាងសម្បូរបែប ដែលរួមមាន៖ សេវាផ្តល់ឥណទាន ប្រាក់បញ្ញើ សន្សំ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រទឹក-ភ្លើង និងបង់ប្រាក់ធានារ៉ាប់រង ប្រតិបត្តិការខ្សែចង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទជាដើម។

លើសពីនេះ ថ្នាលឌីជីថលប្រកបដោយភាពច្នៃប្រឌិតមានដូចជា៖ Wingpay, Wingmall, Wingexpress និង Wingmarket សុទ្ធសឹងត្រូវបានបង្កើតឡើងដើម្បីជំរុញប្រតិបត្តិការអ្នកប្រើប្រាស់ជារូបវន្តបុគ្គល និងអាជីវកម្មនានា។ ម្យ៉ាងវិញទៀត ការរួមចំណែករបស់ធនាគារ វីង ទៅដល់វិស័យកសិកម្មនៅកម្ពុជា តាមរយៈថ្នាលឌីជីថល WingAgri បានពង្រឹងភាពជាដៃគូដ៏មានសក្តានុពលចំពោះប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចជាតិ៕