(សៀមរាប)៖ ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ «Mini Thailand Week 2023» បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប, លោក ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា, លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ, ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តរមានជ័យ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជករថៃ នៅកម្ពុជា។

ស្ថានតំណាងពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ជាអ្នករៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ «Mini Thailand Week 2023» ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2023» រៀបចំធ្វើចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ដែលនៅក្នុងពិព័រណ៍នេះ មានការដាក់បង្ហាញទំនិញថៃជាច្រើនប្រភេទ ដែលជាទំនិញមានគុណភាពល្អ និងដើម្បីរកតំណាងចែកចាយនៅកម្ពុជា។

ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន៤៦ ក្រុមហ៊ុន មានស្តង់សរុបចំនួន៥៨ស្តង់ ក្នុងនោះ នាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា៖
១៖ ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២៖ សំលៀកបំពាក់ និងវាយនភ័ណ្ឌ
៣៖ គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
៤៖ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ
៥៖ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ
៦៖ សម្ភារធ្វើពីស្បែក និងស្បែកជើង
៧៖ សម្ភារតុបតែងផ្ទះ
៨៖ សម្ភារសំណង់
៩៖ សម្ភារទំនិញឧបភោគ បរិភោគ
១០៖ ទំនិញ OTOP របស់ប្រទេសថៃ
១១៖ ទំនិញផេ្សងៗ ជាច្រើនទៀត។

គោលបំណង ក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2023» នៅលើកនេះ គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជន ដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ។ ម៉្យាងទៀត ដើម្បីរិតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ៕