(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Intel បានប្រកាសថា ខ្លួនត្រៀមបោះទុនវិនិយោគប្រមាណ ១.២ពាន់លានដុល្លារទៀតនៅក្នុងប្រទេសកូស្តារីកា ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ការវិនិយោគនេះនឹងត្រូវបានប្រើដើម្បីពង្រីកប្រតិបត្តិការផលិតកម្មដែលមានស្រាប់របស់ Intel និងដើម្បីបង្កើតការងារថ្មីៗនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Intel ក្នុងការបង្កើនសមត្ថភាពផលិតឧបករណ៍អេឡិចត្រូនិក។ កង្វះខាតបន្ទះឈីបជាសកលបាននាំឱ្យមានការកើនឡើងនៃតម្រូវការសម្រាប់ semiconductors ហើយ Intel កំពុងឆ្លើយតបដោយការវិនិយោគលើរោងចក្រផលិតថ្មីៗនៅជុំវិញពិភពលោក។

កូស្តារីកា គឺជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Intel ដោយសារតែ មានស្ថេរភាពនយោបាយ កម្លាំងពលកម្មជំនាញ និងពាណិជ្ជកម្មសេរី។ ប្រទេសនេះក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនជាមួយបណ្តាប្រទេសផ្សេងទៀត ដែលធ្វើឱ្យវាក្លាយជាទីតាំងដ៏ល្អសម្រាប់ការនាំចេញឧបករណ៍ semiconductors ផងដែរ។

គួរជម្រាបដែរថា ការវិនិយោគពីក្រុមហ៊ុន Intel ត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីៗបានរហូតដល់ចំនួន ១,០០០ ការងារឯណោះនៅក្នុងប្រទេសកូស្តារីកា ខណៈដែលប្រតិបត្តិការដែលមានស្រាប់របស់ Intel នៅក្នុងប្រទេសនេះបច្ចុប្បន្នមានបុគ្គលិកសរុបប្រហែល ១,៥០០ នាក់រួចទៅហើយ៕