(បរទេស)៖ រ៉ូបដែលពាក់ដោយម្ចាស់ក្សត្រី Diana ត្រូវបានដាក់លក់ក្នុងការដេញថ្លៃដ៏ធំមួយ នៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងវត្ថុអនុស្សាវរីយ៍ពីសែរាជវង្ស និងសម្ភារៈប្រើប្រាស់ក្នុងការថតកុនល្បីៗជាច្រើនទៀត ខណៈរ៉ូបល្បីៗ ៣ឈុតរបស់ព្រះនាង Diana នឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃរាប់សែនដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dialy Mail នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមរ៉ូបទាំង៣របស់ព្រះនាង Diana ត្រូវបានគេដឹងថា មានរ៉ូបមួយដែលព្រះនាង ធ្លាប់ស្លៀករ៉ូបនេះជាច្រើនដង ជាពិសេសនៅក្នុងពិធីសម្ពោធបញ្ចាំងរឿង «Hot Shots» នៅទីក្រុងឡុងដ៍ ជារ៉ូបពណ៌ក្រហមនោះត្រូវបានគេរំពឹងថា នឹងអាចលក់បានក្នុងតម្លៃថ្លៃបំផុត ចន្លោះពី២សែនដុល្លារ ទៅ៤សែនដុល្លារ។ កាលនោះរ៉ូបទាំងបីត្រូវបានទិញដោយស្ត្រីម្នាក់មកពីរដ្ឋ Michigan (មីឈីហ្កេន) ដែលបានទទួលមរណភាពនៅឆ្នាំនេះ ហើយឥឡូវនេះរ៉ូបទាំងនេះត្រូវបានដាក់ដេញថ្លៃម្ដងទៀត ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៧មក។

គួរជម្រាបថា ក្រៅពីរ៉ូបទាំងបី វត្ថុអនុស្សាវរីយ៍របស់រាជវង្សផ្សេងទៀត រួមមានសំបុត្ររបស់ម្ចាស់ក្សត្រី Victoria ក៏ដូចជាប៉ាន់តែរបស់ទ្រង់ និងកាបូបអំណោយដែលប្រគល់ជូនភ្ញៀវ ក្នុងពិធីមង្គលការរបស់ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle ជាដើម។ កម្មវិធីដេញថ្លៃដែលនឹងរៀបចំឡើងនៅចន្លោះថ្ងៃទី៦ និងទី៨ ខែកញ្ញាខាងមុខនេះ មានឈ្មោះថា «Legends Hollywood & Royalty»