(បរទេស)៖ អ្នកវិភាគស្មាតហ្វូនដ៏ល្បីលោក Ming-Chi Kou បាននិយាយថា iPhone 15 Pro Max នឹងលក់បានក្នុងចំនួនច្រើនប្រមាណ ៣៥ ទៅ ៤០ភាគរយនៃចំនួនដាក់លក់សរុបរបស់ iPhone 15 នៅឆ្នាំនេះ។ លោករំពឹងថា iPhone 15 Pro Max នឹងកើនឡើងការលក់ចន្លោះពី ១០ ទៅ ២០ ភាគរយបើធៀបនឹង iPhone 14 Pro Max។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

យោងតាមអ្នកវិភាគលោក Ming-Chi Kuo បានអះអាង iPhone 15 Pro Max នឹងក្លាយជាម៉ូដែលពេញនិយមបំផុតនៅក្នុងត្រកូល iPhone 15 ដោយសារតែកាមេរ៉ា periscope ផ្តាច់មុខរបស់វា។ កាមេរ៉ា periscope គឺជាប្រភេទកែវថត telephoto ដែលប្រើ prism ដើម្បីពត់ពន្លឺ ដែលអនុញ្ញាតឱ្យ Optical Zoom បានកាន់តែធំ ដោយមិនចាំបាច់បង្កើនទំហំទាំងមូលនៃកាមេរ៉ានោះទេ។ នេះជាអត្ថប្រយោជន៍ដ៏សំខាន់បំផុត បើធៀបនឹងម៉ូដែល iPhone បច្ចុប្បន្ន ដែលត្រូវបានកំណត់ត្រឹម 3x Optical Zoom ប៉ុណ្ណោះ។

កាមេរ៉ា periscope នៅក្នុង iPhone 15 Pro Max មានពាក្យចចាមអារ៉ាមថានឹងផ្តល់នូវ Optical Zoom រហូតដល់ 5x ឬ 6x ដែលនឹងក្លាយជាការកែលម្អគួរឱ្យកត់សម្គាល់ជាងម៉ូដែលបច្ចុប្បន្ន។ នេះនឹងធ្វើឱ្យ iPhone 15 Pro Max ក្លាយជាកាមេរ៉ាដែលមានសមត្ថភាពច្រើនសម្រាប់ការថតរូប និងវីដេអូនៃវត្ថុឆ្ងាយ។ បន្ថែមពីលើកាមេរ៉ា periscope នេះ iPhone 15 Pro Max ក៏ត្រូវបានគេរំពឹងថា នឹងមានការកែលម្អបន្ថែមទៀតជាមួយនឹងកាមេរ៉ាមេទំហំ ៤៨ មេហ្គាភិចសែល និងកាមេរ៉ាខាងមុខថ្មីជាមួយមុខងារ autofocus ។

គួរជម្រាបដែរថា iPhone 15 Pro Max ដែលមានកាមេរ៉ា periscope ត្រូវបានគេរំពឹងថាជាម៉ូដែលដ៏ពេញនិយមបំផុតប្រចាំឆ្នាំ២០២៣ ដោយសារតែសមត្ថភាព Optical Zoom របស់វាកាន់តែប្រសើរជាងមុនជាមួយនឹង គុណភាពរូបភាពច្បាស់ល្អ និងមុខងារកាមេរ៉ាអាចប្រើបានច្រើនជាងមុន៕