(ឡុងដ៏)៖ ម្ចាស់ពាន ៣នារដូវកាលមុន ក្លិបមេឃខៀវ Manchester City នឹងត្រូវធ្វើដំណើរទៅជួបប្រជែងជាមួយក្លិបសារិការព្រៃ Newcastle United នៃវគ្គជម្រុះជុំទី៣ ពានរង្វាន់ក្របខណ្ឌលីគ EFL Cup 2023 នាមជាក្រុមស្ថិតក្នុងលីគកំពូល Premier League។

ជាមួយគ្នានោះ ក្រុមលីគកំពូលដែលត្រូវជួបគ្នាមានក្រុម Manchester United ត្រូវប៉ះក្រុម Crystal Palace នៅទឹកដីកីឡដ្ឋាន Old Trafford ហើយក្រុម Aston Villa ទទួលក្រុម Everton ពេលដែលក្រុម Brentford ជួបក្រុម Arsenal ខណៈក្រុម Brighton ក៏ធ្វើដំណើរទៅជួបក្រុមតោខៀវ Chelsea នៃការប្រជែងកៅអីឡើងវគ្គបន្ត។

រំលឹកផងថា ក្រុមបិសាចក្រហម Manchester United ជាក្រុមការពារតំណែងជើងឯក និងក្រុម Newcastle United រងជើងឯករដូវកាលមុន ខណៈការប្រកួតជម្រុះជុំទី៣ ដែលមាន ៣២ក្រុមចូលរួមនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ៕