(ឡុងដ៏)៖ ក្លិបអង់គ្លេស Aston Villa បានកំពុងតែជិតឈានទៅរកការបញ្ចប់លើកិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារកណ្តាល Clement Lenglet របស់ក្លិប FC Barcelona ដែលពួកគេកំពុងរកមើលជម្រើសខ្សែការពារកណ្តាលប្រចាំក្រុម ក្រោយពេល Tyrone Mings មានបញ្ហារបួស។

Tyrone Mings បានប្រឈមអវត្តមានជាច្រើនខែក្នុងបញ្ហារបួសជង្គង់ ដែលប៉ះទង្គិចក្នុងជំនួបចាញ់ ៥-១ ទល់នឹងក្រុម Newcastle United ថ្ងៃបើកឆាក ១ប្រកួតដំបូងនៃរដូវកាលថ្មីនេះ។

ជាមួយគ្នានេះ ខ្សែការពារអន្តរជាតិបារាំង Lenglet មានវ័យ ២៨ឆ្នាំ ក៏ទើបត្រឡប់ទៅកាន់ Barcelona ក្រោយពេលលេខខ្ចីជើងនៅក្លិប Tottenham Hotspur នារដូវកាលមុននោះ ហើយក៏ទំនងជាវិលមក Premier League ម្តងទៀតក្នុងលក្ខខណ្ឌដូចគ្នានេះជាមួយក្លិប Aston Villa វិញម្តង។

រំលឹកផងថា លទ្ធផលបណ្តោះអាសន្ន ឆ្លងកាត់ ៣ប្រកួតក្លិប Aston Villa រកបាន ៦ពិន្ទុ មានឈ្នះ២ និងចាញ់១ ខណៈខ្សែការពារកណ្តាល Lenglet រដូវកាលមុនរូបគេលេងបាន ៣៥ប្រកួតរកបាន ១គ្រាប់ ជាមួយក្លិប Spurs នៃគ្រប់កម្មវិធីប្រកួត៕