(ឡុងដ៏)៖ ក្លិប Manchester City បានសម្រេចព្រមព្រៀងជាមួយក្លិប Wolverhampton Wanderers ចំពោះខ្សែបម្រើ Matheus Nunes ស្ថិតក្នុងការផ្ទេរជាមួយតម្លៃ ៤៧.៣លានផោនដែលមិនមានកម្មវិធីបន្ថែមនោះទេ ខណៈរយៈពេលក៏មិនបានបង្ហាញនោះដែរ។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ជាមួយការផ្ទេរនេះ ក្លិបមេឃខៀវ Man City ក៏ធ្លាប់ដាក់សំណើរដេញថ្លៃចំពោះកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះផងដែរ តែត្រូវបានបដិសេធកាលពីសប្តាហ៍មុន ជាមួយគោលការណ៍ក្លិប Woves ចង់បានតម្លៃជាង ៦០លានផោន តែក្រោយកីឡាករូបនេះមិនបានចូលហ្វឹកហាត់ក្នុងក្លិបនោះទេ ដោយបានបង្ហាញអារម្មណ៍ចង់ចូលរួមជាមួយក្រុមលោក Pep Guardiola។

ស្ថិតក្នុងស្ថានភាពនេះក្លិប Wolves ក៏បានសម្រេចចុះហត្ថលេខានាំយកកីឡាករអង់គ្លេស Tommy Doyle មានវ័យ ២១ឆ្នាំ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Man City ក្នុងតម្លៃ ៤.៣លានផោន ជាមួយនឹងជម្រើសអាចទិញ ដែលជាផ្នែកមួយស្ថិតក្នុងការព្រមព្រៀងនៃការផ្ទេរកីឡាករ Nunes។

នេះក៏ជាការយកបានជម្រើសខ្សែបម្រើប្រចាំក្រុមលោក Pep Guardiola ដែលកីឡាករ Kevin De Bruyne បានរងរបួសសសៃពួរត្រូវអវត្តមានរយៈពេល ៤ខែនោះ ខណៈគ្រូវបង្វឹក Wolves លោក Gary O’Neil ធ្លាប់មានក្តីរំពឹងថា ខ្សែបម្រើ Nunes អាចបន្តស្នាក់នៅជាមួយក្លិប រហូតដល់កាលបរិច្ឆេទផ្ទេរកីឡាករបិទនៅថ្ងៃសុក្រ។

រំលឹកផងថា Matheus Nunes ជាខ្សែបម្រើដែលក្លិប Wolves ចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ក្នុងតម្លៃកំណត់ត្រា ៣៨លានផោន ផ្ទេរមកពីក្លិប Sporting Lisbon កាលឆ្នាំ២០២២៕