(សៀមរាប)៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រាសាទបុរាណយ៉ាងហោចជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗ ប៉ុន្តែក៏នៅមានប្រាសាទបុរាណជាច្រើនទៀតដែលភ្ញៀវទេសចរភាគច្រើនមិនបានស្គាល់ ឬទៅហួសមកហួស តួយ៉ាងដូចជាប្រាសាទក្រោលគោ ប្រាសាទប្រី ប្រាសាទបន្ទាយប្រីជាដើម។

អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់ភ្ញៀវទេសចរសូមបន្ថែមការដើរទស្សនាប្រាសាទផ្សេងៗនៅក្នុងរមណីយដ្ឋានអង្គរឱ្យបានកាន់តែច្រើន ដើម្បីបានស្គាល់ ឈ្វេងយល់ ស្វែងយល់អំពីប្រវត្តិរឿងរ៉ាវទាក់ទងនឹងប្រាសាទ ក៏ដូចជាប្រវត្តិសាស្ត្រខ្មែរ បង្កើនក្ដីស្រឡាញ់ ការចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ពង្រីកការផ្សព្វផ្សាយអំពីទីប្រាសាទបុរាណខ្មែរដល់ភ្ញៀវទេសចរដទៃបន្ថែមទៀត។

ទន្ទឹមនឹងនោះ អាជ្ញាធរជាតិអប្សរាក៏ខិតខំប្រឹងប្រែងរៀបចំទីទស្សនាប្រាសាទមួយចំនួនបន្ថែមទៀត ក៏ដូចជាការរៀបចំផ្លាកសញ្ញាប្រាប់ទីតាំងប្រាសាទដល់ភ្ញៀវទេសចរផងដែរ ជាក់ស្ដែងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទក្រោលគោ ដើម្បីឱ្យភ្ញៀវទេសចរអាចមើលឃើញទេសភាពនៅបរិវេណប្រាសាទបុរាណមួយនេះ។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរាកំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានស្គាល់ និងចូលទស្សនាប្រាសាទជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួនក្នុងតំបន់អង្គរឡើយ។ តួយ៉ាង នៅតាមផ្លូវទស្សនាវង់ធំមានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀត ដូចជា ប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និងប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។

លោកបន្តថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការកកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើ ឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗ ដើរឆ្លងកាត់បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។

លោក ទេស សុធី មានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ ក្រុមការងារគ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់។

សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕