(អាមេរិក)៖ ក្រោយកើបចំណូល បានខ្ទង់ពាន់លានដុល្លារពីការប្រគំតន្ត្រី ពេលនេះ Taylor Swift បានបំបែកកំណត់ត្រា ជាតារាស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ Spotify ដែលស្នាដៃចម្រៀងរបស់នាង មានអ្នកចូលស្តាប់ច្រើនជាង ១០០លានដង ក្នុងរយៈពេលមួយខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

Spotify កាលពីថ្ងៃអង្គារ៍បានបង្ហោះសារលើ Twitter បញ្ជាក់ថា តារាចម្រៀងប៉ុប Taylor Swift បានក្លាយជាសិល្បករស្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ Spotify ដែលមានស្នាដៃចម្រៀងមានអ្នកចូលស្តាប់លើសពី ១០០លាននាក់ក្នុងមួយខែ។ ការបង្ហោះតាមបណ្តាញសង្គមនេះ គឺភ្ជាប់ជាមួយរូបភាពតារាស្រីរូបនេះមួយសន្លឹក ដោយធ្វើដៃបេះដូង ដែលគេឲ្យឈ្មោះថា «អាកប្បកិរិយាម្ចាស់ក្សត្រី»។ នេះមិនមែនជាការបំបែកឯតទគ្គកម្មលើកដំបូង របស់តារាចម្រៀងម្ចាស់បទ «Love Story» រូបនេះក្នុងឆ្នាំនេះទេ ដោយនៅក្នុងខែកក្កដា នាងបានក្លាយជាស្ត្រីដំបូងគេ ដែលមានអាល់ប៊ុមយ៉ាងហោចណាស់៤ នៅក្នុងតារាងកំពូលទាំង១០ នៃតារាង Billboard 200 របស់អាមេរិក។

យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Eras Tour» របស់ Taylor Swift ត្រូវបានគេព្យាករណ៍ថា នឹងក្លាយទៅជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសក្តានុពលក្នុងការរកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក។ ប្រការនេះមិនមែនជារឿងចម្លែកនោះទេ ដែលតារារូបនេះចំណាយប្រាប់រាប់លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់ក្រុមការងាររបស់ខ្លួន។

Swift បានផ្តល់រង្វាន់ដល់អ្នកដឹកសម្ភារៈប្រគំតន្ត្រីនូវប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រោយបំពេញការងារដ៏មមាញឹកកន្លងមក។ TMZ បានបន្ថែមថា មានអ្នកដឹកសម្ភារៈប្រហែល៥០នាក់ សម្រាប់ដំណើរកម្សាន្តតន្រ្តីទេសចរណ៍របស់នាង Swift ដោយក្នុងនោះ នាងចំណាយអស់៥លានដុល្លារ សម្រាប់ចែកទៅកាន់អ្នកដឹកទំនិញ និងសម្ភារៈទាំងនោះ៕