(សៀមរាប)៖ នៅពេលរដូវវស្សាមកដល់ម្ដងៗ អាជ្ញាធរជាតិអប្សរាតែងតែបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យ ដែលអាចកើតឡើងដោយសារដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ការគ្រោះថ្នាក់ចំពោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពិសេសនៅតាមទីទស្សនាចររបស់ភ្ញៀវទេសចរ ជាក់ស្ដែងក្រុមការងារគ្រប់គ្រងហានិភ័យដើមឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ កំពុងចុះកាត់ក្រីដើមឈើហានិភ័យធំៗនៅរមណីយដ្ឋានអង្គរ។

លោក ទៀន សុធី បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្រុមការងាររបស់លោកបានប្រើប្រាស់ឡានស្ទួចដងវែង ដើម្បីកាត់ក្រី និងដកដើមឈើហានិភ័យនៅខ្លោងទ្វារជ័យ ដែលបានដុះគ្របបង្កាន់ដៃនាគ និងអាចមានហានិភ័យជាយថាហេតុ។

លោក សុធី បញ្ជាក់ថា ការកាត់និងដកដើមឈើមាន៣របៀបដែលបាននិងកំពុងអនុវត្ត ក្នុងនោះរួមមាន៖ ១-ប្រើឡានស្ទួច ២-ដំឡើងរន្ទា ៣-ឡើងដោយកម្លាំងមនុស្ស។ លោកពន្យល់ថា ការប្រើឡានស្ទួច​មានភាពរហ័ស និងលឿន តែអាចប្រើប្រាស់បាននៅលើដងផ្លូវស្រឡះៗប៉ុណ្ណោះ។ ចំណែកនៅក្នុងប្រាសាទ​ច្រើនប្រើរន្ទា និងមនុស្សឡើង ដូចជាករណីបាក់មែក ឬទ្រេតគ្របលើតួប្រាសាទជាដើម។

ដ្បិតថាមានភាពងាយស្រួលក៏ពិតមែន តែការប្រើមធ្យោបាយឡានស្ទួចនេះក៏ត្រូវការកម្លាំងច្រើននាក់ មិនខុសពីមធ្យោបាយផ្សេងទៀតដែរ ពិសេសអ្នកឡើងចងខ្សែត្រូវការអ្នកមានជំនាញស្ទាត់ ដឹងពីរបៀបចង ក្នុងនោះកម្លាំងច្រើននាក់ចាំទាញខ្សែនៅផ្នែកខាងក្រោម។

លោក សុធី បន្ថែមថា មែកឈើខ្លះត្រូវការចងខ្សែតែមួយទេ តែមែកខ្លះរៀងធំត្រូវការចងខ្សែដល់៤ក៏មានដែរ ដើម្បីធានាពីហានិភ័យមនុស្ស និងប្រាសាទ។ យ៉ាងណា របៀបនេះអាចកាត់ដើមឈើដែលមានកម្ពស់៣០ម៉ែត្រចុះប៉ុណ្ណោះ លើសពីនោះគេត្រូវដំឡើងរន្ទាដើម្បីឡើងកាត់ដដែល ដូចជាដើមឈើខ្លះនៅប្រាសាទបាយ័នដែលមានកម្ពស់រហូតដល់ជាង៥០ម៉ែត្រ។

ចំពោះបច្ចេកទេសដំឡើងរន្ទាវិញ ភាគច្រើនធ្វើនៅក្នុងប្រាសាទ ដូចករណីដើមស្ពង់នៅប្រាសាទបាយ័ន។ ការប្រើរន្ទានេះត្រូវចំណាយពេលយូរទាំងការដំឡើង និងការរើវិញ គឺអាចប្រើពេលខ្ទង់ខែដើម្បីកាត់ក្រីដើមឈើមួយៗបាន៕