(បរទេស)៖ ក្រុមហ៊ុនចិន Realme បញ្ជាក់ថ្ងៃចេញលក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Realme C51 ក្នុងប្រទេសឥណ្ឌាជាផ្លូវការហើយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GMSArena នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

Realme C51 ត្រូវបានគេដាក់ឈ្មោះថា «Charging ka Champion» នៅក្នុងប្រទេសឥណ្ឌា ដែលមានន័យថា ជាជើងឯកនៃការសាកថ្ម។ C51 នឹងបំពាក់ដោយថាមថ្ម 5,000 mAh (មីលីអំពែម៉ោង) គាំទ្រជាមួយល្បឿនសាករហូតដល់ 33w SuperVOOC និងចំណាយពេលសាកថ្ម ២៨នាទីពេញ។

ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងដំណើរការដោយប្រព័ន្ធដំណើរការ MediaTek Helio G35 និងមាន RAM ទំហំ 4GB ជានឹង Storage ទំហំ 64GB ។ វាមានអេក្រង់ទំហំ ៦.៥ អ៊ីញ HD+ ជាមួយនឹងកម្រិត Refresh Rate 90Hz ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធកាមេរ៉ាបីនៅខាងក្រោយផងដែរ ដែលរួមមាន 50MP main sensor, 2MP macro sensor និង 2MP depth sensor។ ចំណែកាមេរ៉ាមុខងារសម្រាប់ការថតរូប Selfie មានទំហំ 8MP។

គួរជម្រាបដែរថា ស្មាតហ្វូនម៉ូដែលថ្មីរបស់ Realme នេះនឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹង Realme UI 3.0។ តែយ៉ាងណាជុំវិញតម្លៃលម្អិតនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ៕