(អាមេរិក)៖ ខ្សែភាពយន្តភាគអាមេរិក ចំណងជើងថា «The Idol» របស់ប៉ុស្តិ៍ HBO ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន The Weeknd (ដឹ វីកឃេន), Lily-Rose Depp (លីលី រ៉ូសដេប), Troye Sivan (ត្រយ ស៊ីវ៉ាន) និងសមាជិក Blackpink Jennie នោះ បានប្រកាសលុបចោលគម្រោងផលិតរដូវកាលទី២ ជាផ្លូវការហើយ បន្ទាប់ពីវគ្គដំបូង រងការរិះគន់ច្រើនពីមហាជន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ The Playlist នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

យោងតាម Variety បានដឹងថា HBO បានលុបចោលរឿង «The Idol» រដូវកាលទី២ចោលជាផ្លូវការតែម្តង ដែលនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារកាលពីរដូវកាលទី១ គឺមានការរិះគន់ជាច្រើនពីអ្នកទស្សនា និងមានចំនួនអ្នកមើលទាប ដោយសារមានខ្លឹមសារបែបផ្លូវភេទជ្រុលពេក។

អ្នកនាំពាក្យរបស់ HBO បាននិយាយថា «The Idol» គឺជាកម្មវិធីពុះកញ្ជ្រោលបំផុតមួយរបស់ HBO ហើយយើងរីករាយជាមួយនឹងការឆ្លើយតប យ៉ាងរំភើបពីសំណាក់អ្នកទស្សនា។ ទោះយ៉ាងណា បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់ ពួកយើងរួមជាមួយនឹងផលិតករបានសម្រេចចិត្ត មិនបន្តរដូវកាលទី២នោះទេ។ យើងសូមថ្លែងអំណរគុណចំពោះផលិតករ តួសម្តែង និងក្រុមការងារទាំងអស់ ដែលបានបង្កើតនូវរឿងភាគដ៏អស្ចារ្យបែបនេះ៕