(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton ដែលកំពុងស្ថិតនៅលេខរៀងបាតតារាង នៃលីគអង់គ្លេស Premier League 2023-24 គិតត្រឹម ៣ប្រកួតដំបូងនេះ បានសម្រេចការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Beto ផ្ទេរមកពីក្លិបអ៉ីតាលី Udinese ដែលលេងនៅលីគ Serie A លើកិច្ចសន្យារយៈពេល ៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ជាមួយការផ្ទេរនេះ ក៏មិនមានព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ ត្រូវបានបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចុះផ្សាយថា តម្លៃខ្លួនកីឡាករវ័យ ២៥ឆ្នាំរូបនេះ គឺស្ថិតក្នុងតម្លៃ ២៥.៨លានផោន (៣២.៤៣លានដុល្លារ)។

Everton មិនទាន់មានពិន្ទុនោះទេ ហើយបានបរាជ័យ ក្នុងការរកបានគ្រាប់បាល់ ក្នុងការប្រកួតបើកឆាក Premier League ចំនួន ៣លើកមកនេះរបស់ពួកគេ ក្នុងរដូវកាលនេះជាបណ្តោះអាសន្ន។

ខ្សែប្រយុទ្ធ Beto ត្រូវបានក្លិប Udinese ចុះកិច្ចសន្យានាំយករូបគេ លើតម្លៃផ្ទេរ ៧លានអឺរ៉ូ (៧.៥៥លានដុល្លារ) ខណៈកាលពីរដូវកាលមុន Beto រកបានគ្រាប់បាល់ ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣លើកក្នុងលីគ ពេលដែលក្លិប Everton ធ្លាប់បានព្យាយាមក្នុងការចុះកិច្ចសន្យា នាំយកកីឡាកររូបនេះ តាំងពីខែមករា។

សូមជម្រាបថា ក្លិប Everton នឹងធ្វើដំណើរទៅជួបក្រុមស្ថិតនៅលីគលំដាប់ទី៤ ក្លិប Doncaster Rovers ក្នុងការប្រជែងលីគ EFL League Cup ជាការប្រកួតជុំទី២ នឹងធ្វើឡើងនៅថ្ងៃពុធនេះ មុនពេលបន្តធ្វើដំណើរទៅជួបក្រុម Sheffield United ជាការប្រកួតក្នុងលីគ Premier League នៅថ្ងៃសៅរ៍ សប្តាហ៍ទី៤៕