(ឡុងដ៍)៖ ក្លិប Fulham បានប្រកាសពីការចុះកិច្ចសន្យា នាំយកខ្សែការពារសញ្ជាតបែលហ្សិក Timothy Castagne មកពីក្លិប Leicester City ជាមួយនឹងរបាយការណ៍តម្លៃផ្ទេរប្រមាណ ១៥លានផោន (១៩លានដុល្លារ)។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ក្លិបលេងនៅលីគ Premier League នេះ បានអះអាងថា ខ្សែការពារស្តាំមានវ័យ ២៧ឆ្នាំរូបនេះ បានព្រមព្រៀងលើកិច្ចសន្យា រហូតដល់ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ថែម ១២ខែទៀត។

Castagne ដែលបានបង្ហាញខ្លួន ក្នុងក្រុមជម្រើសជាតិប៊ែលហ្សិកឈុតធំ បានចំនួន ៣៣លើកនោះ បានចំណាយពេល ៣រដូវកាលលេងនៅក្លិប Leicester City ដែលធ្លាក់ទៅកាន់លីគ Championship កាលពីខែឧសភា។

សូមជម្រាបថា កីឡាករ Castagne អាចនឹងបង្ហាញខ្លួនជាលើកដំបូង នៅលីគ Premier League សម្រាប់ក្លិប Fulham ក្នុងការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមការពារតំណែងជើងឯក Manchester City នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕