(យ៉ាអួន)៖ អ្នកចាំទីថ្មីរបស់ក្លិប Manchester United កីឡាករ Andre Onana ត្រូវបានកោះហៅជាថ្មីម្តងទៀត ចូលលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន ក្រោយរយៈពេលប្រមាណ ៩ខែកន្លងមកនេះ បន្ទាប់ពីរូបគេបានចាកចេញពីក្រុម នៅអំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

Onana ត្រូវបានកោះហៅនៅថ្ងៃអង្គារ ដោយគ្រូបង្វឹក Rigobert Song ចូលក្នុងក្រុមវីញ សម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ទល់នឹងក្រុមប៊ូរុនឌី នៅទីក្រុង Garoua របស់កាមេរូន នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ដែលក្រុមកាមេរូន ត្រូវការតែលទ្ធផលស្មើប៉ុណ្ណោះ ដើម្បីធានាបានកៅអី ក្នុងការប្រកួតនៅព្រឹត្តិការណ៍ Africa Cup of Nations នាខែមករាខាងមុខ នៅប្រទេសកូតឌីវ័រ។

រំលឹកផងថា អ្នកចាំទី Onana មានវ័យ ២៧ឆ្នាំ បានចាកចេញពីក្រុមជម្រើសជាតិកាមេរូន នៅប្រទេសកាតា កាលពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់ពីការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ ទល់នឹងក្រុមស្វីស បន្ទាប់ពីមានជម្លោះជាមួយអ្នកចាត់ការ Song ស្តីពីយុទ្ធសាស្ត្រ និងការហ្វឹកហាត់។

សហព័ន្ធបាល់ទាត់កាមេរូន បានលើកឡើងថា Onana ត្រូវបានព្យួរពីការប្រកួត ហើយត្រូវបានបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ ហើយរូបគេមិនបានលេងឲ្យក្រុមជម្រើសជាតិនោះទេ គិតចាប់តាំងពីពេលនោះមក ដោយបានប្រកាសពីការចូលនិវត្តន៍ផងដែរ ពីការប្រកួតអន្តរជាតិ។

ប៉ុន្តែនៅថ្ងៃអង្គារ ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Yaounde, អ្នកចាត់ការ Song បានបដិសេធថា មិនមានបញ្ហាជាមួយ Onana នោះទេ ហើយថា តាមពិតទៅ Onana គឺជាអ្នកចាំទីដ៏ល្អបំផុត សម្រាប់ក្រុមរបស់លោក៕