(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធនេះ បានដឹកនាំប្រតិភូសរុបចំនួន ៧នាក់ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។ លោករំពឹងថា ការចូលរួមនេះនឹងទទួលបាននូវផ្លែផ្កាល្អប្រសើរ ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាននេះ ត្រូវបានធ្វើរៀងរាល់ឆ្នាំ បន្ទាប់ពីទទួលបានការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០១០ នៅប្រទេសវៀតណាម។ កិច្ចប្រជុំនេះដែរ ផ្ដោតការយកចិត្តទុកដាក់លើការរួមគ្នាក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដើម្បីអភិវឌ្ឍន៍វិស័យកីឡាឲ្យបានរឹងមាំ ហើយជួយគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិនៃបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់សុខុមាលភាព សុខដុមនីយកម្មរបស់ប្រជាជនអាស៊ាន ពង្រឹងសាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡា ។

រដ្ឋលេខាធិការខាងលើ បន្ដថា ក្រៅពីបណ្ដាប្រទេសសមាជិក អាស៊ានក៏មានដៃគូ ដើម្បីលើកកម្ពស់វិស័យអប់រំកាយ និងកីឡានេះដែរ ជាក់ស្ដែងមានកិច្ចប្រជុំអាស៊ានបូកចិន និងអាស៊ានបូកជប៉ុនជាដើម ដ្បិតកន្លងមកចិន និងជប៉ុន ក៏បានជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍន៍វិស័យកីឡានៅអាស៊ាន ក្នុងនោះកម្ពុជា ក៏ធ្លាប់ទទួលបាននូវការផ្ដល់កម្មវិធីអភិវឌ្ឍន៍កីឡា និងសុខុមាលភាពតំបន់ ដែលគេហៅថា តំបន់សុខភាពអាស៊ាន ព្រមទាំងឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើការងារនេះផងដែរ។

លោកបន្ថែមថា «ការចូលរួមនេះ ផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ានខ្លួនឯងផង ក៏ដូចជាអាស៊ាន-ចិន និងអាស៊ាន-ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិឲ្យរស់នៅមានសុខភាពល្អ និងឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងកសាងនូវស្មារតីកីឡារបស់អាស៊ាន ក្នុងការបង្រួបបង្រួមអាស៊ាន ឲ្យមានការជួយគ្នាលើការងារអភិវឌ្ឍន៍វិស័យកីឡា និងរៀបចំព្រឹត្តិការណ៍ធំៗនានា»

«ទន្ទឹមជាមួយគ្នា កម្ពុជាក៏មានរបាយការណ៍ស្ដីពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងស្ដីពីទិវាកីឡាអាស៊ាន ដែលបានធ្វើនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់រាយការណ៍ក្នុងកិច្ចប្រជុំនេះដែរ ។ ដូច្នេះកិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ ហើយយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ក្រោយពីកិច្ចប្រជុំ ដែលជាអត្ថប្រយោជន៍ដល់វិស័យអប់រំកាយ និងកីឡា របស់កម្ពុជាយើង» ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕