(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Erling Haaland បានឈ្នះពានឯកត្តជន ក្នុងនាមកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០២២-២០២៣ (PFA men's Players' Player of the Year)។

Haaland ដែលមានវ័យទើបតែ ២៣ឆ្នាំផងនោះ បានផ្តួលមិត្តរួមក្រុម Kevin de Bruyne និង John Stones ជាមួយគូប្រជែងក្នុងលីគ Saka និង Martin Odegaard របស់ Arsenal រួមទាំង Harry Kane នៃក្រុម Spurs ផងដែរ ពីការឈ្នះពានប្រចាំរដូវកាលនៃលីគកំពូលអង់គ្លេសផងដែរ។

កីឡាករអន្តរជាតិន័រវេសខាងលើនេះ ស៊ុតបញ្ចូលទីបាន ៥២គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្លិបមេឃខៀវ Manchester City ដែលឈ្នះបាន ៣ពានផងដែររួមមាន FA Cup, Premier League និង UEFA Champions League ក្រោយផ្ទេរមកពី Borussia Dortmund កាលខែមិថុនា ឆ្នាំ២០២២ ក្នុងតម្លៃខ្លួន ៥១,២លានផោន។

លើសពីនេះទៀត Haaland ក៏បានស្ថិតក្នុងបញ្ជីឈ្មោះប្រជែងពានកីឡាករវ័យក្មេងលេងល្អបំផុតប្រចាំឆ្នាំផងដែរ ដែលបានទៅលើខ្សែបម្រើស្លាប Bukayo Saka ដែលស៊ុតបាន ១៤គ្រាប់ និងបញ្ជូនបាន ១១គ្រាប់ដែរឲ្យកាំភ្លើងធំ Arsenal ដែលពួកគេរងជើងឯកនៅ PL រដូវកាលមុន៕