(ឡុងដ៍)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានហាលអាវពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) 2023-2024 ក្រោមថ្វីជើង Fulham ត្រឹមប្រកួតជុំទី២។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Craven Cottage របស់ Fulham សមាជិកទើបឡើងមកលេងនៅ Premier League រដូវកាលនេះ សម្រាប់ជុំទី២ ស្ថិតក្នុងតំបន់ភាគខាងត្បូង នាយប់មិញ Spurs បានចាញ់ក្នុងលទ្ធផល ៥ទល់នឹង៣ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយលេង ៩០នាទី ស្មើគ្នា ១-១ ដោយពុំមានការថែម ១៥នាទី ២ដងនោះទេ។

ក្នុងប្រកួតនៃម៉ោងធម្មតានោះដែរ ខ្សែការពារ Van de Ven បានធ្វេសប្រហែសចូលទីខ្លួនឯង ដែលជាការបើកផ្លូវឲ្យម្ចាស់ផ្ទះនាំមុខមុនផងដែរ នៅមុនពេលខ្សែប្រយុទ្ធប្រេស៊ីល Richarlison រកគ្រាប់តាមស្មើមកវិញនៅដើមវគ្គទី២ បន្តរហូតចប់ការប្រកួតតែម្តង។

Spurs ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Ange Postecoglou នៅសល់ពាន ២ទៀត ដែលត្រូវប្រជែងសម្រាប់រដូវកាលនេះ ដ្បិតបានចាប់ផ្តើមយ៉ាងល្អក្នុងលីគកំពូលអង់គ្លេស Premier League តាមរយ:លទ្ធផលលេងមិនទាន់ចាញ់ ក្រៅពីឈ្នះ២ និងស្មើ១៕