(បរទេស)៖ តាមរយៈពាក្យចចាមអារ៉ាមកន្លងមក iPad Pros ស៊េរីថ្មីរបស់ Apple នឹងត្រូវបានចេញលក់រហូតដល់ឆ្នាំ២០២៤ ឯណោះ។ ខណៈការខកខានការចេញលក់នេះត្រូវបានគេរំពឹងថា Apple នឹងបង្ហាញពីការធ្វើបច្ចុប្បន្នភាពដ៏ធំបំផុតទៅកាន់ iPad Pro ចាប់តាំងពីឆ្នាំ២០១៨ មក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple នឹងចេញលក់ iPad Pro ស៊េរីថ្មីរបស់គេនៅអំឡុងខែមីនា ឬយ៉ាងយូររហូតដល់ដើមខែមិថុនា ឆ្នាំ២០២៤ឯណោះ។ លោកបានបន្ថែមទៀតថា Apple នឹងធ្វើការផ្លាស់ប្តូរទៅលើ iPad Pro របស់គេជាលើកដំបូងដែលម៉ូដែលថ្មីទាំងពីរនោះនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED ទំហំ ១១អ៊ីញ និង ១៣អ៊ីញ។

ចំពោះការផ្លាស់ប្តូរនេះ សម្រាប់ iPad ១១អ៊ីញ បច្ចប្បន្នត្រូវបានបំពាក់ដោយប្រភេទអេក្រង់ LCD ធម្មតា ខណៈអេក្រង់ទំហំ ១២.៩អ៊ីញ ដែលត្រូវបានផ្លាស់ប្តូរទៅ ១៣អ៊ីញ បំពាក់ដោយបន្ទះអេក្រង់ Mini-LED ធម្មតាប៉ុណ្ណោះ។ នេះមានន័យថា ការធ្វើបច្ចុប្បន្នភាពអេក្រង់នៅលើ iPad Pro ចុងក្រោយនេះ នឹងធ្វើឱ្យម៉ូដែលនេះកាន់តែប្រសើរនិងត្រជាក់ភ្នែកនៅពេលទស្សនា បើធៀបទៅនឹងម៉ូដែលមុនៗ។

មិនត្រឹមតែប៉ុណ្ណោះថេប្លេតទាំងពីរនឹងប្រើប្រាស់ដោយដំណើរការបន្ទះឈីប M3 ដែល Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានជាមួយ Mac refresh នៅចុងឆ្នាំនេះ។ ជាក់ស្តែងចំពោះ iPad Pro ថ្មីបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់ធ្វើតេស្តនៅឡើយនោះទេ។

គួរជម្រាបដែរថា នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញឧបករណ៍ថ្មីៗរបស់ Apple ក្នុងពេលឆាប់ៗខាងមុខនេះត្រូវបានគេរំពឹងថា ក៏នឹងមានបញ្ចេញ Magic Keyboard ថ្មីជាមួយនឹង trackpad ធំជាងនេះផងដែរ ដោយកាត់បន្ថយគម្លាតទៅកាន់ MacBook កាន់តែខ្លាំង៕