(ភ្នំពេញ)៖ «ខ្ញុំមិនរំពឹងខ្ពស់ប៉ុន្មានទេ ប៉ុន្ដែខ្ញុំជឿជាក់ថា ក្រុមបាល់ទះក្នុងសាលកម្ពុជាយើង នឹងអាចធ្វើបាន អាចសាងភាពភ្ញាក់ផ្អើលណាមួយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) នៅចិននាពេលខាងមុខនេះ» ។ នេះគឺជាសម្ដីសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា កីឡាករ វឿន វាសនា មុនចេញទៅបោះជំរំហ្វឹកហាត់នៅចិន ក៏ដូចជាត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou នាខែក្រោយ ។

វាសនា បានលើកឡើងថា សម្រាប់ការហ្វឹកហាត់រយៈពេល ៣ខែនៅចិន គឺផ្ដល់អត្ថប្រយោជន៍ខ្លាំង សម្រាប់ក្រុមបាល់ទះក្នុងសាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសកីឡាអាស៊ីលើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលនឹងប្រកួតពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ គេសង្ឃឹមថា នឹងមានការប្រកួតមិត្តភាពច្រើន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ ។

ពាក់ព័ន្ធនឹងការប្រកួតកីឡាអាស៊ីនេះដែរ ច្បាស់ណាស់នឹងមានភាពតានតឹង សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមបាល់ទះក្នុងសាលកម្ពុជា ដែលត្រូវប្រឈរមុខជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង និងឥណ្ឌា ក្នុងពូល C ។ យ៉ាងណាមិញ វាសនា មានសុទិដ្ឋិនិយមថា «ខ្ញុំរំពឹង ក្រៅពីការខំប្រឹងហ្វឹកហាត់កន្លងមក គួបផ្សំការចេញទៅហាត់ ១ខែមុនការប្រកួតនៅចិននេះ យើងនឹងហ្វឹកហាត់ដិតដល់ក្នុងក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអាស៊ី»

«សម្រាប់ខ្ញុំ គឺមានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងមែនទែន សម្រាប់កីឡាអាស៊ី លើកទី១៩ នេះ ព្រោះខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចកសាងប្រវត្តិសាស្ដ្រមួយទៀត សម្រាប់ការប្រកួតអន្ដរជាតិ ដែលមានការចូលរួមពីច្រើនប្រទេស...។ ជាការពិត យើងត្រូវការជ័យជម្នះ ពិសេសការប្រកួតក្នុងពូល ដើម្បីឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែប្រសិនបើពួកយើងពុំទទួលបានលទ្ធផលល្អ វាក៏ជាឱកាសល្អមួយ ដែលយើងបានចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះដែរ» ។ វឿន វាសនា បន្ថែម ។

កីឡាករវ័យ ២២ឆ្នាំដដែល មើលឃើញថា ការចូលរួមកីឡាអាស៊ីនេះ ក៏ជាឱកាសបង្ហាញឲ្យពិភពលោក ស្គាល់វិស័យកីឡាបាល់ទះកម្ពុជាកាន់តែច្រើន ។ វាសនា ថា «ពួកយើងមិនសូវមានឱកាសបានចូលរួមការប្រកួតធំៗ ពិសេសកីឡាអាស៊ីនោះទេ ពួកយើងធ្លាប់ចូលរួមត្រឹមស៊ីហ្គេម ។ ដូច្នេះការចូលរួមពេលនេះ គឺយើងអាចបង្ហាញមុខមាត់លើឆាកអន្ដរជាតិដ៏ធំ ដែលអាចធ្វើឲ្យប្រទេសរាប់រយសម្លឹងមើលឃើញសក្ដានុពលបាល់ទះបុរសក្នុងសាលកម្ពុជា»