(បរទេស)៖ ទ្រនំដ៏កក់ក្តៅរបស់ក្រុមចម្រៀង BTS គឺផលិតក្ម Hybe ត្រូវបានរាយការណ៍មកថា កំពុងបង្កើតក្រុមនារីអន្តរជាតិថ្មីមួយ ខណៈបច្ចុបន្នមានបេក្ខនារីចំនួន២០នាក់ មកពីជុំវិញពិភពលោក កំពុងប្រកួតប្រជែង ដើម្បីឈានទៅដល់ការបង្កើតក្រុម ក្រោមស្លាក K-POP។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

គម្រោងបង្កើតក្រុមចម្រៀងនារី គឺក្រោមការសហការរវាងផលិតកម្មកូរ៉េខាងត្បូង Hybe និងផលិតកម្មអាមេរិក Geffen Records បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Universal Music។ បេក្ខនារីមកពីប្រទេសផ្សេងៗ រួមមាន ស្លូវ៉ាគី អាហ្សង់ទីន សហរដ្ឋអាមេរិក និងជប៉ុន។ ការសម្តែងសម្រាប់ការប្រកួតប្រជែងនេះ មានចំណងជើងថា «The Debut: Dream Academy» ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី០១ ខែកញ្ញា វេលាម៉ោង១១យប់ នៅលើ YouTube។ យោងតាមទំព័រ Instagram របស់កម្មវិធី «The Debut: Dream Academy» នឹងមានវគ្គចំនួន៤ ជាមួយនឹងវគ្គបន្តផ្ទាល់របស់ខ្លួន ដែលនឹងចាក់ផ្សាយនៅខែវិច្ឆិកា។ អ្នកគាំទ្រនឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតទាំងមូលតាមរយៈការបោះឆ្នោត របស់អ្នកគាំទ្រនៅលើ Weverse និង TikTok។

គួរជម្រាបថា សម្រាប់ដំណើរការនៃការបង្កើតក្រុមនេះ ក៏នឹងក្លាយជាប្រធានបទនៃស៊េរីភាពយន្តឯកសាររបស់ Netflix ដែលនឹងចាក់បញ្ចាំងនៅឆ្នាំ២០២៤ ដែលដឹកនាំដោយផលិតករភាពយន្ត ទើបទទួលបានពានរង្វាន់ Nadia Hallgren។ ភាពយន្តឯកសារខាងមុខនេះ នឹងផ្តល់ឲ្យអ្នកទស្សនានូវការយល់ដឹង កាន់តែស៊ីជម្រៅអំពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍តែមួយគត់របស់ Hybe និងកម្មវិធីដំណើរការរបស់បេក្ខនារី ទៅកាន់ភាពល្បីល្បាញជាសកល៕