(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកលំដាប់ពិភពលោក ASUS គ្រោងបញ្ឈប់ការផលិតស្មាតហ្វូនស៊េរី Zenfone ដោយផ្តោតទៅលើ ROG Phone ដែលជាស្មាតហ្វូនសម្រាប់លេងហ្គេម (Gaming) ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

យោងតាមបាយការណ៍ចេញផ្សាយពី DigiTimes បានឱ្យដឹងថា ASUS បានបិទផ្នែក Zenfone នោះរួចទៅហើយ ដោយធ្វើការផ្លាស់ប្តូរបុគ្គលិកមួយចំនួនពីផ្នែកនេះទៅផ្នែកផលិត ROG Phone ជំនួសវិញ។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ASUS នឹងកាត់បន្ថយចំនួនបុគ្គលិកនៅក្នុងនាយកដ្ឋានកុំព្យូទ័ររបស់ខ្លួននៅទូទាំងតៃវ៉ាន់ និងប្រទេសចិនផងដែរ។

Zenfone ត្រូវបានចេញលក់ជាលើកដំបូងក្នុងឆ្នាំ២០១៤ ហើយបានក្លាយជាស្មាតហ្វូនដ៏ពេញនិយមបំផុតរបស់ ASUS ដោយអ្នកប្រើប្រាស់ស្គាល់ស្មាតហ្វូនម៉ូដែលនេះភាគច្រើនគឺ ដោយសារតែវាមានតម្លៃសមរម្យ និងមានលក្ខណៈពិសេសកម្រិតខ្ពស់ (high-end features)។ តែយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Zenfone ចាប់ផ្តើមធ្លាក់ប្រជាប្រិយ និងបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងរបស់ខ្លួនដូចជា OnePlus Nord និង Google Pixel វិញ។

ដូច្នេះហើយទើបបានជា ASUS ចាប់ផ្តើមផ្លាស់ប្តូរផ្នែកផលិតរបស់ខ្លួនទៅ ROG Phone វិញ ដែលម៉ូដែលនេះកំពុងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ និងជាប្រភេទស្មាតហ្វូនផ្តោតសំខាន់ទៅលើ Gaming។

គួរជម្រាបដែរថា មូលហេតុដែល ASUS បញ្ឈប់ការផលិត Zenfone នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ខណៈដែល ASUS កំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងដូចជា Apple និង Samsung៕