(ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយកសាងប្រទេសកម្ពុជា តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឌីជីថល។ ជាក់ស្តែង ការបានចូលរួមជួយដំណើរការរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) លើកទី៣២ គឺជាផ្នែកជួយជំរុញមហិច្ឆតាឌីជីថលរបស់កម្ពុជា ក៏ដូចជា ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមកម្ពុជា។

តាមរយៈអត្ថបទមួយ ក្រោមចំណងជើងថា «Ezecom៖ ជំរុញដំណើរឌីជីថលរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម» អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាការបង្ហាញពិតប្រាកដពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការកសាងប្រទេសតាមរយៈនវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឌីជីថល»

ក្នុងអត្ថបទនេះ បានសរសេរថា ព្រះរាជាណាចក្រកម្ពុជា ជាប្រជាជាតិមួយដែលពោរពេញដោយប្រពៃណីដ៏សម្បូរបែប មានដើមកំណើតយូរលុងណាស់មកហើយ ជាមួយនឹងរឿងរ៉ាវ និងស្មារតីដ៏រឹងមាំ ដែលជំរុញនាំឱ្យសម្រេចបានសមិទ្ធិផលឆ្ពោះទៅរកភាពជោគជ័យ ខណៈពេលដែលបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំ ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) លើកទី ៣២។ ជាមួយនឹង បេសកកម្មដែលមានពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» កម្ពុជាបានរៀបចំការប្រកួតដ៏អស្ចារ្យនេះចំនួន ៥៨៤ ប្រកួត ដែលមានកីឡាទាំងអស់ចំនួន ៣៧ ប្រភេទ ជាមួយនឹងសមិទ្ធិផលដ៏ធំបំផុតរបស់កម្ពុជាគឺឈ្នះរហូតទៅដល់ ២៨២មេដាយ ដែលនេះជាការប្រែមុខមាត់ថ្មីជាមួយលទ្ធផលដ៏ត្រចេះត្រចង់ជាងមុនប្រមាណ ៧ដង បើធៀបនឹងលទ្ធផលលើកមុនៗ។

នៅខណៈពេលនេះមិនមែនគ្រាន់តែជាកីឡានោះទេ តែជាប្រវត្តិសាស្ត្រនៃដំណើររបស់កម្ពុជាពីឫសគល់អរិយធម៌ខ្មែរបុរាណ ក្លាយជាប្រទេសជឿនលឿនដែលត្រៀមខ្លួនជាស្រេចក្នុងឆាកពិភពលោក។ នេះក៏ជាតំណាងឱ្យប្រទេសដែលឈរយ៉ាងរឹងមាំ បង្ហាញពីការវិវត្តន៍ដ៏ក្លៀវក្លា មហិច្ឆតាសេដ្ឋកិច្ច និងស្មារតីនៃការចូលរួមដោយមិនអាចកាត់ថ្លៃបាន។ ក្នុងបរិយាកាសនៃការទន្ទឹងរង់ចាំ និងការអបអរសាទរនេះ ក្រុមហ៊ុន Ezecom ត្រូវបានលើកទឹកចិត្តឱ្យទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) សម្រាប់ការផ្សាយកីឡាស៉ីហ្គេមទៅកាន់ពិភពលោក។

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) ត្រូវបានបង្កើតឡើងជាលើកដំបូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូឆ្នាំ ១៩៦៤ ដែលបានចាក់ផ្សាយជុំវិញពិភពលោក ដើម្បីផ្តល់សិទ្ធិផ្សព្វផ្សាយនៃវីដេអូ និងសំឡេងជាមួយរូបភាពច្បាស់ល្អពីគ្រប់កន្លែងនីមួយៗ និងធ្វើការបញ្ជូន និងការតភ្ជាប់បណ្តាញ។ ចាប់តាំងពីពេលនោះមក IBC បានមានវត្តមាននៅគ្រប់ការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាអន្តរជាតិ និងកីឡានានា ហើយការផ្សាយទាំងនេះគឺមានស្តង់ដារខ្ពស់ មិនថាជាកីឡាក្នុងតំបន់ ឬកីឡាខ្នាតអន្តរជាតិនោះទេ។

Ezecom បានធ្វើការយ៉ាងមមាញឹក និងសម្រេចបាននូវការផ្តត់ផ្តង់ជូន IBC សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម នៅកម្ពុជា ហើយពួកគេមិនត្រឹមតែជាដៃគូបច្ចេកវិទ្យាប៉ុណ្ណោះទេ ពួកគេបានរួមគ្នាក្លាយទៅជាគ្រឹះដែលភ្ជាប់អតីតកាលដ៏មានមោទកភាពរបស់កម្ពុជាជាមួយនឹងចក្ខុវិស័យរបស់ខ្លួន ទៅកាន់ឌីជីថលនាពេលអនាគត។

* ឧបសគ្គដំបូង

ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។ មិនយូរប៉ុន្មានក៏បានលេចចេញជារូបរាង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៉ីហ្គេម ដែលមានលក្ខណៈដូចនឹងកីឡា Commonwealth Games ឬអូឡាំពិក ដែលនឹងមិនមែនជារឿងងាយស្រួលនោះទេ។ ភាពស្មុគស្មាញនៃការសហការជាមួយ IBC ភាគីពាក់ព័ន្ធផ្សេងៗ និងបញ្ហាប្រឈមជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល Ezecom ត្រូវបានប្រគល់ភារកិច្ចជាផ្លូវការឱ្យទទួលខុសត្រូវលើ IBC ក្នុងខែធ្នូ ឆ្នាំ២០២២ ពួកគេបាននាំមុខយ៉ាងឆាប់រហ័ស និងសកម្មក្នុងការប្រមូលធនធានចាំបាច់ និងអ្នកជំនាញ។ ក្រុមការងារដែលប្រមូលផ្តុំទៅដោយអ្នកជំនាញបរទេស និងក្នុងស្រុក ខណៈពេលដែលមានអារម្មណ៍ស្ងើចសរសើរចំពោះព្រឹត្តិការណ៍នេះ គ្រប់គ្នាក៏មានអារម្មណ៍លើសលុបចំពោះបញ្ហាប្រឈមមុខក្នុងការឆ្លើយតបនឹងការរំពឹងទុកខ្ពស់បែបនេះ ជាមួយនឹងពេលវេលា និងធនធានមានកម្រិត។

* ការប្រឈមមុខនឹងបញ្ហា

នៅសល់ត្រឹមតែពីរខែទៀតទេ ដល់ខែមីនាហើយ សម្ពាធក៏ចាប់ផ្តើមកើនឡើង។ ហានិភ័យមានលក្ខណៈកាន់តែច្បាស់លាស់ ដោយសារតែមានចំណុចខ្វះខាតជាច្រើន ដែលត្រូវបំពេញ។ ឧបសគ្គផ្នែកដឹកជញ្ជូន រាប់ចាប់ពីការដឹកជញ្ជូនឧបករណ៍សំខាន់ៗដោយសុវត្ថិភាព រហូតដល់ការបាត់ទំនាក់ទំនងដោយសារកត្តាភាសាផ្សេងគ្នា។ បញ្ហាប្រឈម ដែលមិនអាចទាយទុកមុនបាន ដូចជា ទីតាំង និងបរិក្ខារនានា បានសាកល្បងភាពរហ័សរហួន និងភាពបត់បែន ភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់ក្រុមការងារ។

ទោះជាយ៉ាងណា Ezecom អាចយកឈ្នះលើបញ្ហាប្រឈមទាំងនេះក្នុងរយៈពេលត្រឹមតែ ២៩ថ្ងៃ ដោយផ្តល់នូវដំណោះស្រាយ ការផ្សាយតាមប្រព័ន្ធឌីជីថលពេញលេញ ដែលជាភស្តុតាងនៃភាពរហ័សរហួន ការប្តេជ្ញាចិត្ត និងធនធានរបស់ពួកគេ។

* ការជំរុញមហិច្ឆតាឌីជីថលរបស់កម្ពុជា

ក្នុងភាពរស់រវើកនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម Ezecom បានក្លាយជាក្រុមហ៊ុនដែលលេចធ្លោ ក្នុងការសម្រេចបានជោគជ័យក្នុងវិស័យឌីជីថល ដោយបានប្តេជ្ញាក្នុងដំណើរនៃការរីកចម្រើនរបស់កម្ពុជា។

ការរួមបញ្ចូលអត្តសញ្ញាណជាតិ៖ រាល់ការផ្សាយពី IBC គឺជារឿងរ៉ាវដែលប្រកបដោយមោទកភាពសម្រាប់កម្ពុជា។ នេះជារឿងរ៉ាវនៃប្រទេសមួយដែលមានភាពរីកចម្រើន វិវត្តន៍ និងជោគជ័យ។ Ezecom មានភាពច្បាស់លាស់ និងភាពម៉ត់ចត់ បានធានាថារឿងរ៉ាវទាំងអស់នេះ ត្រូវបានផ្សព្វផ្សាយដោយមានភាពច្បាស់លាស់ និងនាំមកជាមួយនូវស្មារតីនៃប្រទេសជាតិកម្ពុជា។

ការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា៖ លើសពីព្រឹត្តិការណ៍នេះ ការខិតខំប្រឹងប្រែងរបស់ Ezecom បានបង្ហាញពីមហិច្ឆតាធំជាងនេះគឺ ការផ្លាស់ប្តូរប្រទេសកម្ពុជាទៅជាមហាអំណាចឌីជីថល។ ស៉ីហ្គេមគឺជាជំហានមួយ ដែលបង្ហាញពីរបៀបសហការគ្នានៃភាពប៉ិនប្រសប់របស់កម្ពុជា និងបច្ចេកវិទ្យាលំដាប់ពិភពលោកអាចបង្កើតភាពអស្ចារ្យបាន។

ជំរុញការរួបរួម និងកិច្ចសហប្រតិបត្តិការ៖ តាមរយៈការភ្ជាប់ស្តង់ដារអន្តរជាតិ ជាមួយនឹងភាពលេចធ្លោរបស់កម្ពុជា Ezecom បានបង្ហាញពីការរួបរួមរបស់ប្រទេសក្នុងភាពចម្រុះ។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានបង្ហាញដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធអន្តរជាតិ ដែលបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការដឹកនាំគម្រោងឌីជីថលជាសកល។

បង្កើតកេរដំណែលយូរអង្វែង៖ ស៉ីហ្គេមគឺជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជាជាច្រើន ដែលជាសក្ខីភាពមួយចំពោះភាពរីកចម្រើនរបស់ប្រទេសជាតិរបស់យើង។ Ezecom ក្នុងតួនាទីរបស់ខ្លួនបានក្លាយជារូបភាពនៃក្តីសង្ឃឹម និងមហិច្ឆតា។ ការងាររបស់ពួកគេតំណាងឱ្យនវានុវត្តន៍ ការជំរុញ និងការជឿជាក់ដែលមិនផ្លាស់ប្តូរចំពោះសក្តានុពលរបស់កម្ពុជា។

* ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមកម្ពុជា

ក្រុមការងារគំរូរបស់ Ezecom បានទទួលខុសត្រូវទាំងស្រុងចំពោះ IBC ដែលសម្រេចលើសពីសមិទ្ធិផលបច្ចេកទេស។ នេះជាតំណាងនៃគោលដៅដែលកម្ពុជាចង់បាន។ សម្រាប់ប្រជាជនកម្ពុជាជាច្រើន ព្រឹត្តិការណ៍នេះបានក្លាយជានិមិត្តរូបនៃវឌ្ឍនភាព ដែលជាសញ្ញាមួយបង្ហាញថា ប្រទេសរបស់យើងមានសមត្ថភាពប្រកួតប្រជែងនឹងស្តង់ដារពិភពលោក។

សមិទ្ធិផលនេះ បានត្រួសត្រាយផ្លូវសម្រាប់៖

* ឱកាសសេដ្ឋកិច្ច៖ ការបង្ហាញសមត្ថភាពបែបនេះបានបើកទ្វារសម្រាប់កិច្ចសហការអន្តរជាតិបន្ថែមទៀត ដោយដាក់ប្រទេសកម្ពុជាជាដៃគូគួរឱ្យជឿជាក់ និងអាចទុកចិត្តបាននៅក្នុងវិស័យឌីជីថលសកល។

* ការអភិវឌ្ឍជំនាញ៖ ការប្តេជ្ញាចិត្តរបស់ Ezecom ក្នុងការផ្ទេរជំនាញ និងការកសាងសមត្ថភាពក្នុងអំឡុងពេលស៉ីហ្គេម បានបង្កើនកម្លាំងការងាររបស់កម្ពុជា ដោយរៀបចំពួកគាត់សម្រាប់អនាគត។

* ការកសាងទំនុកចិត្តជាមួយស្ថាប័នរដ្ឋាភិបាល៖ តាមរយៈការអនុវត្តគម្រោងធំដ៏ល្អឥតខ្ចោះនេះ Ezecom មិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនុកចិត្តជាមួយរដ្ឋាភិបាលផងដែរ។ ទំនុកចិត្តនេះមានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសកម្ពុជាកំពុងដើរឆ្ពោះទៅរកអនាគតឌីជីថល។

នៅពេលដែលការប្រកួតកីឡាស៉ីហ្គេមបានបញ្ចប់ ទីតាំងនៃការប្រកួតនានាត្រូវបានរុះរើបន្តិចម្តងៗ ជាមួយនឹងការបន្សល់ទុកនូវកេរដំណែលមួយសម្រាប់កម្ពុជា។ ប្រទេសកម្ពុជាបានប្រកាសដោយមោទនភាព ក្នុងការឈានចូលរបស់ខ្លួននៅលើឆាកពិភពលោក។ នៅពីក្រោយការគ្រប់គ្រងការងារទាំងអស់ ដើម្បីផ្តល់នូវការសម្តែង និងការប្រកួតកីឡាប្រកបដោយភាពជោគជ័យនេះ មានមនុស្សរាប់ម៉ឺននាក់ដែលបានឈរដោយមោទនភាព។

ក្នុងការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះ IBC ក្រុមហ៊ុន Ezecom បានបញ្ចូលខ្លួនឯងទៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ នេះមិនមែនគ្រាន់តែជាការផ្សាយព្រឹត្តិការណ៍កីឡាប៉ុណ្ណោះ ទេ នេះគឺជាការផ្សាយសម្លេងបេះដូងរបស់ប្រជាជនកម្ពុជារាប់លាននាក់។ ជាមួយនឹងគ្រប់ឈុតឆាក រាល់ការផ្សាយ និងរាល់សញ្ញាសម្គាល់ ក្រុមហ៊ុន Ezecom បានផ្ញើសារដ៏មានអត្ថន័យមួយថា ប្រទេសកម្ពុជាយើងគឺនៅទីនេះ ត្រៀមខ្លួនជាស្រេចសម្រាប់យុគសម័យឌីជីថល ហើយក្រុមហ៊ុន Ezecom គឺជាអ្នកនាំមុខដ៏មានមោទនភាពរបស់កម្ពុជា៕