(ភ្នំពេញ)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមការប្រកួតអន្ដរជាតិ Bali IPSC Open 2023 (Level3) នៅប្រទេសឥណ្ឌូនេស៊ី ដែលបានចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ដើម្បីពង្រឹង និងដុសខាត់សមត្ថភាពធនធានកីឡាករកម្ពុជា ស្របតាមផែនការយុទ្ធសាស្ដ្រសហព័ន្ធ ក្រោមការដឹកនាំរបស់ប្រធានថ្មី គឺលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

យោងតាមមន្ដ្រីសហព័ន្ធ ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមានកីឡាករ-កីឡាការិនីជិត ៤០០នាក់ មកពី ១២ប្រទេសចូលរួម ដូចជាអូស្ដ្រាលី កាណាដា ហុងកុង ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានី អាហ្វ្រិកខាងត្បូង អាមេរិក កម្ពុជា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលធ្វើការប្រកួតលើ ១៨វិញ្ញាសា។ ចំពោះបេក្ខភាពកីឡាករកម្ពុជា ទាំង ១២នាក់ គឺមានកីឡាករ យោង យួត, កូវ ស្រ៊ុនឆាយ, លឹម ហ៊ួរនីតា, ពៅ តិចឡេង, ឈុន ដានិត, គឹង វណ្ណម៉ា, អាន កក្កដា, ស៊ិន សូផានណាក់, ធ្ធាំ បញ្ញារិទ្ធិ, វង្ស ពង្សសក្ក័, កង ភីរក្សរិទ្ធិពល និង ហូ សេងសិទ្ធីស័ក។

គួរដឹងថា ក្នុងរជ្ជកាលថ្មីនៃសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដែលទើបផ្លាស់ប្ដូរ និងរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី បន្ទាប់ពីប្រធានសហព័ន្ធចាស់លាលែងពីតំណែង លោក សុខ ពុទ្ធិវុធ ក្នុងនាមប្រធានសហព័ន្ធថ្មី គឺបានដាក់គោលដៅចម្បង ត្រូវបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្រប់វ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញ ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិនានា៕