(រ៉ូម)៖ ខ្សែប្រយុទ្ធមាឌធំ Romelu Lukaku កាន់តែប្រកៀកក្នុងការផ្លាស់ទៅលេងឲ្យក្លិប AS Roma ជាលក្ខណៈខ្ចីជើង ១រដូវកាល ក្រោមតម្លៃខ្លួនដែលតោខៀវ Chelsea នឹងទទួលបាន ៨លានផោនផងដែរ។

កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើនេះ បានចូលលេង ២៥ប្រកួត និងស៊ុតបាន ១០គ្រាប់សម្រាប់ Inter Milan នារដូវកាលមុន ក្នុងនាមកីឡាករខ្ចីជើង ១រដូវកាលផងដែរពីក្លិបអង់គ្លេស Chelsea សមាជិកលេងនៅ Premier League បច្ចុប្បន្ន។

រូបគេមិនបានស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅថ្មី លោក Mauricio Pochettino នៃរដូវកាលថ្មីនេះទេ និងកំពុងស្ថិតលើផ្លូវលេងខ្ចីជើងបន្តផងដែរពីសមាជិក Serie A នៅពេលអារម្មណ៍របស់កីឡាករវ័យ ៣០ឆ្នាំ Lukaku ក៏មិនសូវសប្បាយចិត្តជាមួយអ្នកចាត់ការ Inter គឺលោក Simone Inzaghi ដែលមិនបានដាក់លោកចូលលេងក្នុងជម្រើស ១១នាក់ដំបូងសម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែលចាញ់ Manchester City នោះ។

ក្រៅពី Roma ក្លិបរួមលីគ សេះបង្កង់ Juventus ក៏ចង់បាន Lukaku ផងដែរ ក៏ប៉ុន្តែពួកគេពុំអាចផ្លាស់ប្តូរទម្រង់លេង បច្ចុប្បន្នបាន ហើយការផ្លាស់ទៅ Roma មានន័យថា រូបគេនឹងបានស្ថិតក្រោមការបង្វឹករបស់អតីតគ្រូចាស់ លោក Jose Mourinho ដែលបានទិញ Lukaku ពីក្លិប Everton មកលេងនៅទឹកដី Old Trafford កាលឆ្នាំ២០១៧៕