(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ចំនួន ២៦នាក់ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតជាមួយក្រុមហុងកុង និងម៉ាកាវ នាខែក្រោយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់ខាងលើ ដែលដឹកនាំដោយលោក Felix Dalmas គេឃើញមានកីឡាករចាស់-ថ្មីមួយចំនួន ត្រូវបានកោះហៅ ពិសេសខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា ដែលកំពុងប្រកបអាជីពជាមួយក្លិប AL Shahania Sports Club នៃលីគទី២ ប្រទេសកាតា ក៏ត្រូវបានកោះហៅមកជួយក្រុមគោព្រៃនេះផងដែរ ។

កីឡាករ ២៥នាក់ផ្សេងទៀត គឺមានសមាជិកក្លិបបឹងកេត ៦នាក់ (វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល)។ មកពីក្លិប វិសាខា ៧នាក់ (ហ៊ុល គឹមហ៊ុយ, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា) ។ កីឡាករណាហ្គាវើលដ៏ ២នាក់ (ឈង់ ប៊ុនណាត និង គួច សុកុម្ភៈ) ។

កីឡាករក្លិបភ្នំពេញក្រោន ៥នាក់ (អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា និង ជួន ចាន់ចាវ) ។ កីឡាករក្លិបព្រះខ័នរាជស្វាយរៀង ៣នាក់ (សឿយ វិសាល, គួច ដានី និង ថេឡរ ឌឿង នីកូឡាស) និងសមាជិកក្រុមចំណូលថ្មី នៃលីគកំពូលកម្ពុជា គឺក្រុមព្រៃវែងអេហ្វស៊ី ២នាក់ (គីម ចាន់វាសនា និង គង់ លីហ៊ួរ) ។

បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះហើយ ក្រុមគោព្រៃកម្ពុជា គ្រោងនឹងប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃស្អែក មុនឈានដល់ការប្រកួតមិត្តភាពអន្ដរជាតិដំបូង ដែលត្រូវជួបក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា ហើយបន្ដជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់៕