(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី២៨ ខែសីហានេះ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិករបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយកីឡា ពិសេសចលនាអូឡាំពិក ដោយផ្សាភ្ជាប់ជាមួយគោលការណ៍អាទិភាពពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

ក្រៅពីក្រើនរំឮកអំពីតួនាទីភារកិច្ច និងទំនួលខុសត្រូវ ដែលថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ដើម្បីបំផុសសកម្មភាពចលនាអូឡាំពិកកម្ពុជា លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានរំលេចពីយុទ្ធសាស្ដ្របញ្ចកោណ ក្នុងរាជរដ្ឋាភិបាល អាណត្ដិថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាជាតិ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា «ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី បានផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រី NOCC ទាំងអស់ ដើម្បីជ្រូតជ្រាបទាំងអស់គ្នា ហើយដើរឲ្យស្របគ្នា ទាំងចលនាអូឡាំពិក ទាំងគោលការណ៍កីឡារបស់រាជរដ្ឋាភិបាល។ យើងបានផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗរបស់ NOCC ដែលនឹងត្រូវត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការត្រៀមរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»

លោកបន្ដថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីលោកទេសរដ្ឋមន្ដ្រី ថោង ខុន បានធ្វើឲ្យឲ្យសុខដុមនីយកម្មក្នុងការងាររៀបចំសកម្មភាព និងការងាររបស់ NOCC ឡើងវិញ ។ នេះគឺជាចំណុចសំខាន់ ដែលគណៈកម្មាធិការជាតិអូឡាំពិក នឹងមានកិច្ចប្រជុំជាបន្ដបន្ទាប់ទៀត ដើម្បីណែនាំបន្ថែម បន្ទាប់ពី NOCC បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិឡើងវិញ កាលពីដើមខែសីហាកន្លងទៅ ក្រោយរួមចំណែករៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រតិបត្ដិករកីឡាឆ្នើមដដែល បានបង្ហាញការជឿជាក់ និងការប្ដេជ្ញាចិត្តថា «ពួកយើងទាំងអស់ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីជួយជ្រោមជ្រែងក្នុងការរៀបចំដំណើរការនៃការអភិវឌ្ឍន៍វិស័យកីឡាជាតិ តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គឺយើងសង្ឃឹមថា វិស័យកីឡានឹងមានការប្រែប្រួលថ្មីថែមទៀត ហើយនឹងទទួលបានជោគជ័យថ្មីៗថែមទៀត»