(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook និង Instagram បានជូនដំណឹងព្រមានដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយបានធ្វើការលុបគណនី Instagram មួយរបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Time Cook ដែលគេរកឃើញថាជាគណនីក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABPLIVE នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

គណនីថ្មីមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែសីហា មានឈ្មោះថា @tim.d.cook បានបង្ហោះរូបថតចំនួនពីរសន្លឹក ដែលមួយក្នុងចំណោមរូបទាំងនោះគឺជារូបថត Screenshot ពីគណនីផ្លូវការរបស់ Cook និង រូបមួយសន្លឹកទៀតជាប្រភេទរូប Landscape ដែលហាក់ដូចជាថតដោយ iPhone។ ខណៈចំនួន Follower នោះត្រូវបានគេឃើញថាជានាយកប្រតិបត្តិជាន់ខ្ពស់នៅ Apple ដែលរួមមាន Lisa Jackson (VP for Environment, Policy, and Social Initiatives) និង Alan Dye (Human Interface Design)។ រួមទាំងបុគ្គលិក Apple ពីរបីនាក់ផ្សេងទៀតក៏បាន Follow គណនីនេះផងដែរ។

ជុំវិញបញ្ហានេះ គេមិនច្បាស់នោះទេ ថាតើគណនីក្លែងក្លាយនេះអាចប្រមូល Follower បានយ៉ាងដូចម្តេច រួមទាំង Follower សុទ្ធតែជាបុគ្គលសំខាន់ៗរបស់ Apple ថែមទៀតផង។ តែយ៉ាងណាប្រភពខាងលើដដែលអះអាងថា វាអាចទៅរួច ដែលអ្នកបង្កើតគណនីក្លែងក្លាយនេះបានប្រើបច្ចេកទេសជាច្រើនដើម្បីធ្វើឱ្យវាមើលទៅមានលក្ខណៈស្របច្បាប់ដូចជា ការប្រើកម្រងរូបភាព (Profile Picture) និងជីវប្រវត្តិ (Bio) ស្រដៀងគ្នាទៅនឹងគណនីពិតប្រាកដរបស់ Cook។

គួរជម្រាបដែរថា គណនីដែលប្រើឈ្មោះរបស់ Cook នឹងទើបបង្កើតក្នុងពេលថ្មីៗនេះត្រូវបាន Meta ធ្វើការលុបចេញពីបណ្តាញផ្សព្វផ្សាយ Instagram រួចរាល់ជាមួយនឹងគោលការណ៍ លុបគណនីដែលក្លែងបន្លំមនុស្សពិត ឬអង្គការ។ តាមការបញ្ជាក់ពី Meta លោក Cook មិនមានគណនី Instagram ផ្លូវការនោះទេ ខណៈលោកសកម្មតែនៅលើ Twitter ប៉ុណ្ណោះជាមួយអ្នកគាំទ្រប្រមាណ 9M Followers ឯណោះ៕