(ព្រៃវែង)៖ ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃែវង ទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣។ ដើម្បីអបអសាទរលទ្ធផលនេះ រដ្ឋបាលស្រុកព្រះស្តេច រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏បានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីបាល់ទាត់លេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣នេះផងដែរ។

លោក កុយ ប៊ុនធន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច តំណាងលោក ហុឺ បាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច បានថ្លែងការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេងសម្រាប់ស្រុកព្រះស្តេចផងដែរ។

បន្ថែមលើសពីនេះ លោកក៏បានសំណូមពរដល់ក្រុមកីឡាការិនីទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀតដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀត ហើយកីឡាករ កីឡាការិនីទាំងអស់ពេលដែលសម្រាកពីការហ្វឹកហាត់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណែកវិជ្ជាឱ្យកាន់តែខ្លាំងឡើង បន្ថែមទៀត។

ជាមួយគ្នានេះលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានថ្លែងថា កីឡា គឺរស់ក្នុងក្រោមសន្តិភាព បើមិនមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ យើងក៏គ្មានកីឡានោះដែរ។ ហើយកីឡានេះផងដែរ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ដល់ប្រទេសជាតិ ក៏ដូចជាជួយឱ្យប្អូនៗក្មួយៗជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយភូមិផ្សេងៗ ព្រមទាំងនាំមកនូវសុខភាពនោះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិសាលាបានដឹកនាំក្រុមកីឡាកម្រងសេនារាជឧត្តម ចូលរួមប្រកួតចំនួន ២១នាក់។ មានបាល់ទាត់កុមារីមួយក្រុម ១៨នាក់ និងអត្តពលកម្មចំនួន ៣នាក់។ ដោយជាលទ្ធផលក្រុមបាល់ទាត់កុមារីកម្រងសេនារាជឧត្តម ជាប់ចំណាត់ថ្នាក់លេខ១។ រីឯអត្តពលកម្មរត់ល្បឿនលឿនជាកុមារាជាប់ចំណាត់ថ្នាក់លេខ៣ និងរត់ល្បឿនលឿនជាកុមារី ក៏ជាប់ចំណាត់ថ្នាក់លេខ៣។

ក្នុងឱកាសនោះលោកហុឺ បាវី ប្រធានក្រុមការងារចុះជួយស្រុកព្រះស្ដេច ក៏បានចាត់ឱ្យតំណាងនាំថវិកាឧបត្ថម្ភដល់ក្រុមកីឡាករចំនួន២ លានរៀលដើម្បីជាការលើកទឹកចិត្តផងដែរ៕