(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនអាមេរិក Motorola នឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Moto G54 ដែលដំណើរការដោយបណ្តាញ 5G នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

Moto G54 នឹងក្លាយជាអ្នកស្នងតំណែងរបស់ Moto G53 ដែលដំណើរការដោយបណ្តាញ 5G ដូចគ្នាដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែឆ្នូ ឆ្នាំ២០២២។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក Moto G54 ត្រូវបានគេរំពឹងថា នឹងបំពាក់ដោយអេក្រង់កម្រិត Full HD+ ទំហំ ៦.៥អ៊ីញ ដំណើរការដោយបន្ទះឈីប MediaTek Dimensity 700 SoC រួមជាមួយនឹង RAM ទំហំ 4GB និង Storage ទំហំ 64GB។ លើសពីនេះទៅទៀតនឹងមានកាមេរ៉ាក្រោយទំហំ ៥០មេហ្គាភិចស៊ែ ដែលផ្តិតនូវរូបភាពកាន់តែច្បាស់ជាងមុន និងបំពាក់ជាមួយ Sensor Camera ២មេហ្គាភិចស៊ែ ខណៈដែលទំហំថ្មវិញនឹងមានរហូតដល់ ៤,៨៤០មីលីអំពែម៉ោង។

យ៉ាងណាមិញ Moto G54 ត្រូវបានគេប្រទះឃើញនៅលើគេហទំព័រវិញ្ញាបនប័ត្រផ្សេងៗដែលបានបញ្ជាក់អំពីលក្ខណៈពិសេសមួយចំនួនរបស់វា។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានចុះបញ្ជីនៅលើគេហទំព័រ FCC ដែលបង្ហាញថា វានឹងគាំទ្រស៊ីមពីរ រួមជាមួយនឹងការតភ្ជាប់ Bluetooth ល្បឿនលឿនថែមទៀតផង។

គួរជម្រាបដែរថា Motorola នៅមិនទាន់បានបង្ហាញពីតម្លៃរបស់ Moto G54 នៅឡើយទេនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រកួតប្រជែង ដោយសារតែ Moto G53 ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១៩០ដុល្លា នៅក្នុងប្រទេសឥណ្ឌា។ ដូច្នេះមានន័យថា តម្លៃ Moto G54 ទំនងជាអាចកើនឡើងជាងម៉ូដែលមុនដោយសារតែការផ្លាស់ប្តូរទៅលើឧបរណ៍ និងមុខងារមួយចំនួន៕