(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅរសៀលថ្ងៃទី២៨ ខែសីហានេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំរបស់ខ្លួន ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូល J ហើយ ខណៈការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

យោងតាមបញ្ជីឈ្មោះដែលបានបង្ហាញខាងលើ គឺមានកីឡាករវិសាខា ៥នាក់, ណាហ្គាវើលដ៏ ៤នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, អង្គរថាយហ្គឺរ ៣នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ភ្នំពេញក្រោនម្នាក់, គិរីវង់សុខសែនជ័យម្នាក់, ISI ដង្កោសែនជ័យម្នាក់ និងសមាជិកមកពីសាលាបាល់ទាត់ជាតិបាទីម្នាក់។ អ្វីដែលពិសេស បេសកកម្មនេះ គឺដឹកនាំដោយបុរសជនជាតិជប៉ុន លោក Gyotoku Koji ជាគ្រូបង្គោល។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ AFC U-23 Asian Cup 2024 នេះ ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល J ជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត, លីបង់ និងក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី។

ព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះដែរ គឺមាន ៤៣ក្រុម និងចែកចេញជា ១១ពូល ដើម្បីធ្វើការប្រកួតជម្រុះពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងការចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា៕