(ភ្នំពេញ)៖ ធនាគារ ស្ថាបនា បានរៀបចំកម្មវិធីសប្បុរសធម៌ក្នុងការបរិច្ចាគសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់សំខាន់ៗសម្រាប់កុមារចំនួន ៨០នាក់ នៅផ្ទះបាយកុមារ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

កម្មវិធីសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃកម្មវិធី Zero Waste របស់ធនាគារ ស្ថាបនា ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការកាត់បន្ថយកាកសំណល់ ការប្រើប្រាស់ និងការកែច្នៃឡើងវិញនៅក្នុងប្រទេសកម្ពុជា។

«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះបុគ្គលិកធនាគារ ស្ថាបនាសម្រាប់ការចូលរួមចំណែកក្នុងការបរិច្ចាគ សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើន និងយើងខ្ញុំសូមថ្លែងអំណរគុណចំពោះផ្ទះបាយកុមារ សម្រាប់ការចូលរួមសហការក្នុងកម្មវិធីសប្បុរសធម៌នេះ។ យើងខ្ញុំជឿជាក់ថា ការចូលរួមចំណែករបស់យើងទាំងអស់គ្នាធ្វើ អាចចូលរួមលើកកម្ពស់គុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់កុមារក្រីក្រ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង»។ នេះជាសាររបស់ ធនាគារ ស្ថាបនា។

ធនាគារ ស្ថាបនាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកចិត្តទុកដាក់ និងបន្តគាំទ្រកុមារ យុវជន និងស្ត្រី តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់យើង៕