(ម៉ូនិច)៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បន្តរកបានគ្រាប់បាល់ ២គ្រាប់បន្ថែម ពីការចូលលេងប្រកួតទី២ ក្នុងក្លិបថ្មី Bayern Munich នៅពេលយកឈ្នះក្រុមភ្ញៀវ FC Ausburg ៣ទល់នឹង១ នាយប់មិញនេះ។

ខ្សែប្រយុទ្ធពាក់លេខ៩ រកបាន ៣គ្រាប់មកហើយ ក្នុងចំណោម ២ប្រកួតជាមួយក្លិបថ្មី Bayern Munich នាមជាក្រុម ការពារតំណែងជើងឯកលីគ Bundesliga ដែលបានជំនួសកន្លែង Sadio Mane ក្រោយពេលផ្លាស់ចេញទៅចូលរួមជាមួយ Cristiano Ronaldo ក្នុងក្លិប Al-Nassr លេងនៅ Saudi Pro League។

អតីតខ្សែប្រយុទ្ធក្លិបក្នុងស្រុក Tottenham Hotspur បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលអាចរកបានគ្រាប់ស៊ុតទាំង ២ប្រកួតដំបូងនៅ Bundesliga របស់អាល្លឺម៉ង់ ដ្បិតគ្រាប់ទី១ បានកើតឡើងពេលក្រុមខ្លារខិន Bayern បំបាក់ម្ចាស់ផ្ទះ Werder Bremen ៤-០ នៅថ្ងៃបើកឆាករដូវកាលថ្មីឆ្នាំ២០២៣-២០២៤។

គ្រាប់ដំបូងរបស់ Kane នៅរាត្រីថ្ងៃអាទិត្យ គឺបានកើតឡើងដោយបាល់ពិន័យ ១១ម៉ែត្រ នៅពេលអាជ្ញាកណ្តាល Sashca Stegemann បានស្នើឲ្យឆែកប្រព័ន្ធ VAR ក៏ព្រោះតែកីឡាករ Niklas Dorsch បានយកដៃទៅប៉ះបាល់ក្នុង ប្រអប់គ្រោះថ្នាក់ និងគ្រាប់ទី២ កើតឡើងនៅនាទី៦៩ ពីការបញ្ជូនរបស់មិត្តរួមក្រុម Alphonso Davies ក្រោយពេល Uduokhal បានធ្វេសប្រហែសចូលទីខ្លួនឯងរបស់ Ausburg និងកីឡាកររបស់ពួកគេ Beljo រកបានតែ ១គ្រាប់វាយបកនៅនាទីចុងម៉ោង បន្តរកពុំបានជ័យជម្នះដដែល៕