(ម៉ាឌ្រីដ)៖ ក្រុមកីឡាករ និងកីឡាការិនីផ្នែកបាល់ទាត់មានដល់ ៨១នាក់ បានធ្វើការបដិសេធមិនចូលរួមក្នុងការប្រកួតណាមួយឡើយសម្រាប់ប្រទេសអេស្ប៉ាញ ល្គឹកណាប្រធានសហព័ន្ធបាល់ទាត់បច្ចុប្បន្ន គឺលោក Luis Rubiales នៅកាន់តំណែងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយកីឡាករ និងកីឡាការិនីអេស្ប៉ាញ រួមទាំងឈុតជម្រើសជាតិដែលទើបឈ្នះ World Cup ទាំង ២៣នាក់ផងនោះបានបញ្ជាក់ថា «ក្រោយពីហេតុការណ៍ដែលបានកើតឡើងនៅអំឡុងពិធីបំពាក់មេដាយនៃ Women’s World Cup ពួកយើងចង់បញ្ជាក់ថា ពួកយើងបានចុះហត្ថលេខាលើលិខិតនេះ គឺពួកយើងមិនវិលត្រឡប់ទៅលេងប្រកួតណាមួយឲ្យជម្រើសជាតិឡើយ ប្រសិនបើមានលោក Rubiales នៅកាន់តំណែងប្រធាននេះ»

ក្រុមស្រ្តីអេស្ប៉ាញ នឹងត្រូវប៉ះស្រ្តីស៊ុយអែត ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Women’s Nations League ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ស្របពេលដែលកីឡាករ Borja Iglesias ដែលកំពុងលេងឲ្យក្លិបអាជីព Real Betis ក៏បានប្រកាសកាលពីរាត្រីថ្ងៃសុក្រផងដែរថា នឹងមិនចូលរួមលេងឲ្យជម្រើសជាតិអេស្ប៉ាញទៀត ជាការប្រឆាំងទៅនឹងលោក Rubiales ដូចគ្នា។

នៅរាត្រីថ្ងៃសុក្រម្សិលមិញនេះ លោក Rubiales បានបដិសេធក្នុងការលាឈប់ពីតំណែងប្រធាន RFEF នៅពីក្រោយការរិះគន់ខ្លាំងពីការថើបមាត់កីឡាការិនីខ្សែប្រយុទ្ធ Jenni Hermoso នៅផ្តាច់ព្រ័ត្រ FIFA Women’s World 2023 ដែលអេស្ប៉ាញដណ្តើមបានជើងឯកកាលសប្តាហ៍មុន នៅប្រទេសអូស្រ្តាលីជាលើកដំបូងរបស់ពួកគេ។

ទង្វើនេះដែរ ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញ សម្រេចបើកដំណើរការផ្លូវច្បាប់ ក្នុងការដកបញ្ឈរជើងបុរសវ័យ ៤៦ឆ្នាំ គ្រាដែលសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏បានបើកការស៊ើបអង្កេតផងដែរ ជុំវិញរឿងនេះ៕