(បរទេស)៖ ថ្មីៗនេះទទទួលបានរបាយការណ៍បន្ថែមពីត្រកូល iPhone 15 របស់ Apple ដែលត្រៀមប្រកាសបង្ហាញជាផ្លូវការនៅអំឡុងពីរសប្តាហ៍ខាងមុខនេះ។ ម៉ូដែល iPhone 15 Pro/Pro Max នៅឆ្នាំនេះនឹងមានជម្រើសពណ៌ប្រផេះថ្មីដែលចូលមកជំនួសពណ៌មាស វាក៏ជាផ្នែកមួយនៃជម្រើសពណ៌របស់ iPhone ចាប់តាំងពីម៉ូដែល iPhone 5s មកម្លេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ប្រភពពី 9to5mac បានឱ្យដឹងថា Apple កំពុងតែបោះបង់ចោលម្រើសពណ៌មាស និងពណ៌ស្វាយងងឹត ដែលមាននៅលើ iPhone 14 Pro/Pro Max ហើយប្តូរមកប្រើជម្រើសពណ៌ប្រផេះ និងពណ៌ខៀវងងឹតនៅលើ iPhone 15Pro/Pro Max ជំនួសវិញ។ ដូចដែលបានដឹងរួចមកហើយ Apple បានប្រើប្រាស់តួខ្លួនដែកអ៊ីណុក (Stainless Steel) នៅលើ iPhone របស់ខ្លួនជាច្រើនជំនាន់មកហើយ តែតាមរយៈរបាយការណ៍ចុងក្រោយនេះបង្ហាញថា Apple ក៏នឹងមានការផ្លាស់ប្តូរតួរខ្លួន iPhone 15Pro/Pro Max ថ្មីទៅប្រើប្រភេទទីតាញ៉ូម (Titanium) ដែលវាមានលក្ខណៈស្រាល និងកាន់តែរឹងមាំជាងមុនប៉ុន្តែការផលិត គឺមានតម្លៃថ្លៃ។

គួរជម្រាបដែរថា ឧបករណ៍ថ្មីៗរបស់ Apple គ្រោងប្រកាសចេញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ហើយសម្រាប់ម៉ូដែល iPhone 15Pro/Pro Max នឹងត្រូវបានពន្យាពេលចេញលក់រហូតដល់ខែតុលាឯណោះ៕