(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈ​យោគយល់ ជាមួយនឹងក្រុមហ៊ុន ACFC ក្នុងការនាំយកម៉ាកសម្លៀកបំពាក់ល្បី Levi’s ដើម្បីដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ពិធីចុះអនុស្សរណៈ​យោគយល់នេះធ្វើឡើងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Louis Nguyen នាយកប្រតិបត្តិនៃក្រុមហ៊ុន ACFC និងអ្នកតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូប។

លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើមនៃភាពជាដៃគូរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន ACFC ។ លោកស្រី ថ្លែងបន្តទៀតថា ការចុះអនុស្សរណៈ​យោគយល់ នៅថ្ងៃនេះនឹងនាំយកម៉ាក Levi’s ដែលគឺជាម៉ាកសម្លៀកបំពាក់ដ៏ធំបំផុតមួយរបស់ពិភពលោក និងជាក្រុមហ៊ុនឈានមុខគេលើពិភពខោខូវប៊យចូលក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយក៏សូមអរគុណទៅដល់ក្រុមហ៊ុន ACFC​  សម្រាប់ការទុកចិត្ត និងពង្រីកការវិនិយោគរបស់អ្នកទៅក្នុងទីផ្សារកម្ពុជា។

«យើងជឿជាក់ថា យើងនឹងនាំមកនូវម៉ាកល្បីៗ ផលិតផល សេវាកម្ម និងបទពិសោធន៍ដែលល្អបំផុតសម្រាប់អតិថិជន»។ លោកស្រីបញ្ជាក់។

លោក Louis Nguyen​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ACFC បានមានប្រសាសន៍ថាក្រុមហ៊ុន ACFC ជាក្រុមហ៊ុនចែកចាយម៉ាកល្បីៗលំដាប់អន្តរជាតិឈានមុខគេនៅប្រទេសវៀតណាម ដែលមានម៉ាកល្បីៗដូចជា៖ Nike, Levi’s, Mango, Rolex និងម៉ាកជាច្រើនទៀត។ ក្រុមហ៊ុន ACFC ពិតជារីករាយជាខ្លាំងដែលបានសហការជាមួយ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនធំ និងកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែម «យើងបានសម្លឹងមើលឃើញនូវសក្តានុពល ទាំងទីតាំងផ្សារ និងភាពជាដៃគូយ៉ាងសម្បូរបែបជាមួយនឹងម៉ាកល្បីៗលំដាប់អន្តរជាតិ ហើយព្រមទាំងមានទីលានប្រណាំងឡាន Multi-Level Indoor Go-Kart ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ដែលទើបតែបើកដំណើរការថ្មីៗនេះទៀតផង ធ្វើឱ្យយើងមានជំនឿចិត្តក្នុងការក្លាយជាដៃគូនៅគ្រប់គម្រោងធំៗរបស់ ជីប ម៉ុង រីថែល ទាំងបច្ចុប្បន្ន និងអនាគត»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails