(ឡុងដ៍)៖ ក្លិប Nottingham Forest បានចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Andrey Santos រយៈពេល ១រដូវកាល មកពីក្លិប Chelsea FC ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

កីឡាករវ័យ ១៩ឆ្នាំ ដែលទទួលបានការកោះហៅ ១លើកលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល នាឆ្នាំ២០២៣នេះ នឹងបានចូលរួមជាមួយ Chelsea ដោយផ្ទេរមកពីក្លិប Vasco da Gama កាលពីខែមករា មុនពេលត្រូវបានខ្ចីជើង ត្រឡប់ទៅវិញកាលពីខែមីនា។

រំលឹកផងថា ខ្សែបម្រើ Santos ជាកីឡាកររកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣លើក ជាមួយក្លិប Vasco ដែលបានឡើងទៅលេងលីគកំពូលរបស់ប្រេស៊ីល ក្នុងឆ្នាំ២០២២។

ខណៈកាលពីខែកុម្ភៈ ខ្សែបម្រើ Santos បានធ្វើជាប្រធានក្រុម ដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដណ្តើមបានពានរង្វាន់ South American Under-20 Championship ស្ថិតក្នុងព្រឹត្តិការណ៍នេះ រូបគេបានជាប់ជាកីឡាកររួមគ្នា ដែលរកបានគ្រាប់បាល់ច្រើនជាងគេដល់ទៅ ៦គ្រាប់។

ជាមួយរដូវកាលថ្មីនេះ រូបគេមិនទាន់បានការបង្ហាញខ្លួនក្នុងក្រុមឈុតធំ សម្រាប់ក្លិប Chelsea នៅឡើយនោះទេ ប៉ុន្តែបានបង្ហាញខ្លួនជាទៀងទាត់ សម្រាប់ក្រុមរបស់លោក Mauricio Pochettino ក្នុងដំណើរប្រកួតមុនរដូវកាល។

សូមជម្រាបថា Santos បានក្លាយជាកីឡាករទី ៥ហើយ ដែលបានចុះកិច្ចសន្យាជាមួយ Forest ក្នុងរដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Anthony Elanga, Matt Turner, Ola Aina និងកីឡាករ Gonzalo Montiel៕